ចៅប្រុស២នាក់កំពុង ឈរជើងការពារទឹកដីខណៈ លោកយាយអតីតគ្រូបង្រៀនវ័យ៨៣ឆ្នាំ កំពុងរស់ក្នុងភាពឯកោ និងខ្វះខាតគ្មានអ្នកមើលថែ»

0

ខណៈចៅប្រុស២នាក់ កំពុងបំពេញភារកិច្ចឈរជើងនៅ សមរភូមិមុខជាំខ្សាន្ត ដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពជាតិ មានតែទឹកភ្នែក និងក្តីព្រួយបារម្ភប៉ុណ្ណោះ ដែលនៅសល់សម្រាប់លោកយាយ អៀង សំអាង អាយុ៨៣ឆ្នាំ អតីតគ្រូបង្រៀនម្នាក់ ដែលកំពុងរស់នៅក្នុងភាពទុរគត ឯកោ និងមានជំងឺប្រចាំកាយ ដោយគ្មានអ្នកមើលថែជាប់ជាប្រចាំ។

អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាភូមិត្រពាំងវែង កាលពីមុន ឃុំស្រយ៉ូវ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ រូបនេះ បានលះបង់ពាក់កណ្តាលជីវិតក្នុងវិស័យអប់រំ បង្រៀនកូនសិស្ស ច្រើនជំនាន់ រហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ២០០៤-២០០៥។ ប៉ុន្តែជីវិតនៅវ័យចុងក្រោយ បែរជាត្រូវរស់នៅយ៉ាងកម្សត់ គ្មានប្តី គ្មានកូន និងគ្មានទ្រព្យសម្បត្តិសម្រាប់ពឹងផ្អែកទៀតឡើយ។

បច្ចុប្បន្ន លោកយាយរស់នៅភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដោយប្រឹងរស់តែឯង ទាំងរាងកាយចាស់ជរា និងមានជំងឺប្រចាំកាយ។ សូម្បីផ្ទះ និងដីធ្លី ដែលធ្លាប់មាន ក៏ត្រូវលក់យក ប្រាក់ព្យាបាលជំងឺអស់ទៅហើយ។

អ្នកភូមិ និងសាច់ញាតិនៅព្រឹកថ្ងៃទី១៤ខែ ឧសភា ឆ្នាំ ២០២៦ បានរៀបរាប់ដោយក្តីអាណិតថា មួយជីវិតរបស់អ្នកគ្រូ អៀង សំអាង គឺរស់ដើម្បីបម្រើសង្គម តែពេលនេះ បែរជា ខ្វះអ្នកមកសួរសុខទុក្ខ ឬជួយសម្រាលការលំបាកនោះឡើយ។

តាមរយៈការផ្សព្វផ្សាយនេះ លោកយាយសង្ឃឹមថា សប្បុរសជន អតីតសិស្ស និងអាជ្ញាធរពាក់ព័ន្ធ នឹងមានក្តីអាណិតអាសូរ ជួយឧបត្ថម្ភ និងផ្តល់កម្លាំងចិត្តដល់អតីតគ្រូបង្រៀនជរារូបនេះ ក្នុងពេលដែលគាត់កំពុងត្រូវការភាពកក់ក្តៅពីសង្គមខ្លាំងបំផុត។ អត្ថបទលោក ប៉ាត ពណ្ណរាយ