ដោយ៖ឡុង សំបូរ
ខេត្តមណ្ឌលគិរី៖ ក្នុងយុទ្ធនាការពង្រឹងការការពារធនធានធម្មជាតិ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្ត បានចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
ក្នុងកិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញ និងដកហូតវត្ថុតាងរួមមាន៖ ប្រភេទឈើឈ្លិច (ឈើមានតម្លៃ) ចំនួន ២៦កំណាត់ ត្រូវបានជនមិនស្គាល់មុខយកមកលាក់ទុក ដើម្បីរង់ចាំឱកាសដឹកជញ្ជូនចេញ យកទៅធ្វើជំនួញដោយខុសច្បាប់។
ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចប្រតិបត្តិការនេះ «រកឃើញតែឈើ តែមិនឃើញមនុស្ស» ដែលចំណុចនេះបានក្លាយជាមតិរិះគន់ និងជាក្តីបារម្ភរបស់មហាជន ចំពោះប្រសិទ្ធភាព នៃការទប់ស្កាត់បទល្មើសតាំងពីចំណុចចាប់ផ្តើម (ការកាប់បំផ្លាញដើមឈើឈរ)។
ជុំវិញរឿងនេះ មតិសាធារណៈបានលើកឡើងថា ការរឹបអូសឈើដែលកាប់រួច គឺជាជោគជ័យមួយផ្នែកនៃច្បាប់ ប៉ុន្តែវាគឺជា «ការបាត់បង់» នៃជីវចម្រុះរួចទៅហើយ។ វត្តមានឈើដែលត្រូវបានកាប់យកមកស្តុកទុកក្នុងក្រុងបែបនេះ បង្ហាញថា សកម្មភាពកាប់បំផ្លាញនៅតែបន្ត មិនថាឈើទាំងនោះចេញពីដែនការពារបរិស្ថាន ឬដែនរដ្ឋបាលព្រៃឈើទេ វាឆ្លុះបញ្ចាំងពីចន្លោះប្រហោងនៃខ្សែការពារជួរមុខ។
ការដែលឈើអាចឆ្លងកាត់មកដល់ចំណុចស្តុកទុកបាន បង្ហាញពីតម្រូវការក្នុងការពង្រឹងការដឹកនាំ និងការល្បាតឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន”ការការពារដើមឈើឱ្យនៅឈរ មានតម្លៃជាងការប្រមូលឈើដែលស្លាប់ ហើយយកមកទុកក្នុងមន្ទីរ” នេះគឺជាសារដែលមហាជនចង់ឃើញពីមន្ត្រីជំនាញ។
ឆ្លើយតបនឹងបញ្ហានេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏បានអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងតម្រូវការដីធ្លី ឲ្យបញ្ឈប់ការកាប់រានដោយខុសច្បាប់ រាល់ការកាប់រានព្រៃឈើដោយចិត្តឯង គឺជាបទល្មើសដែលត្រូវប្រឈមមុខច្បាប់ជាធរមាន។
លោកបានបញ្ជាក់ថា ប្រសិនបើបងប្អូនមានតម្រូវការដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំមកកាន់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ដើម្បីពិនិត្យ និងដោះស្រាយតាមបទដ្ឋានបច្ចេកទេស។
ការបាត់បង់ដើមឈើ១ដើម មិនមែនត្រឹមតែបាត់បង់ឈើ១ដុំនោះទេ ប៉ុន្តែ វាគឺជាការបាត់បង់របាំងការពារធម្មជាតិ បង្កឱ្យមានគ្រោះរាំងស្ងួត និងការប្រែប្រួលអាកាសធាតុខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី។
ខេត្តមណ្ឌលគិរីគឺជា «ប៉ូលសេដ្ឋកិច្ចទី៤» ដែលផ្អែកលើទេសចរណ៍ធម្មជាតិ បើគ្មានព្រៃឈើ ទេសចរណ៍ក៏ត្រូវបាត់បង់។ ដូច្នេះ ការកាប់ឈើថ្ងៃនេះ គឺជាការលក់អនាគតរបស់កូនចៅជំនាន់ក្រោយ ដើម្បីផលប្រយោជន៍ដ៏តិចតួចនាពេលបច្ចុប្បន្ន។
យើងត្រូវ«រួមគ្នាការពារព្រៃឈើ ដើម្បីមណ្ឌលគិរីបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ទោះបីជាយ៉ាងណា ការចូលរួមពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប គឺជាកម្លាំងចលករដ៏សំខាន់បំផុត ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើឱ្យបានជាស្ថាពរ៕






































