អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បន្តចុះល្បាតយ៉ាងសកម្ម ដើម្បីផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្ត

0

(ប៉ៃលិន)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះប្រតិបត្តិការល្បាត តាមភូមិសាស្ត្រសំខាន់ៗ តាមមូលដ្ឋានរដ្ឋបាលរបស់ខ្លួន ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពពេញលេញ ជូនប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការ នៃអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ បានឱ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំនគរបាលស្រុក បានបន្តចុះល្បាត យ៉ាងហ្មត់ចត់ ក្នុងភូមិសាស្ត្រស្មុគស្មាញ និងចំណុចគោលដៅសំខាន់ៗក្នុងស្រុកសាលាក្រៅ ដើម្បីផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្ត ព្រមទាំងបន្តអនុវត្តពង្រឹងវិធានការការពារសន្តិសុខ សុវត្ថិភាពតាមគោលដៅ និងបទបញ្ជាថ្នាក់ដឹកនាំឲ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតបគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។ លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ ក៍បានបញ្ជាក់ថា សកម្មភាពចុះល្បាតនេះ គឺជាកិច្ចការងារអាទិភាព ដែលត្រូវអនុវត្តជាប្រចាំមិនអាចខ្វះបាន ហើយការរក្សាសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក្នុងស្រុកសាលាក្រៅ គឺជាកាតព្វកិច្ចចម្បងរបស់យើង។ យើងត្រូវតែបង្ការ និងបង្ក្រាប ឱ្យបានទាន់ពេលវេលានូវរាល់បាតុភូតអសកម្មទាំងឡាយណា ដែលប៉ះពាល់ដល់សង្គមផងដែរ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើជួបប្រទះសកម្មភាពមិនប្រក្រតីណាមួយនៅក្នុងមូលដ្ឋាន ដើម្បីចាត់វិធានការបានទាន់ពេលវេលា។
តាមរយៈសកម្មភាពដ៏សកម្មនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសម្តែងនូវក្តីត្រេកអរ និងមានទំនុកចិត្តកាន់តែខ្លាំងមកលើកងកម្លាំងនគរបាល ដែលតែងតែនៅក្បែរ និងការពារពួកគេគ្រប់ពេលវេលា ស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល៕ អត្ថបទ ភ្នំខៀវ ប៉ៃលិន