ខេត្តកំពង់ធំ ៈ អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានចិត្តសប្បាយរីករាយអបអរ ខណៈបានទទួលចំណងដៃថ្មី
ពី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ជាសាលប្រជុំបើកចំហរមួយខ្នង មានទំហំ ៣៦០ការ៉េ មានតំលៃស្មើរជាង ១០,០០០ ដុល្លារ សម្រាប់បងប្អូនអតីតយុទ្ធជន ប្រារព្វពិធីផ្សេងៗ ជាប្រយោជន៍រួម ។
ជាក់ស្តែង ក្ន្ុងថ្ងៃនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានប្រារព្វពិធីបញ្ចុះបឋមសីលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ និងបងប្អូនអតីតយុទ្ធជនយ៉ាងច្រើនកុះករផងដែរ ។
លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបន្ទុកដឹកនាំការសាងសង់សាលប្រជុំ បានបញ្ជាក់ថា សាលប្រជុំនេះ មានទំហំធំទូលាយ ខ្យល់អាកាសចេញចូលបានល្អ សមស្របក្នុងការប្រជុំ ឬប្រារព្វពិធីនានាបានល្អ ក្នុងការប្រើប្រាស់ជាប្រយោជន៍រូម សម្រាប់បងប្អូនអតីតយុទ្ធជន និងនិវត្តជន និងត្រូវចំណាយពេលវេលាមួយខែក្នុងការសាងសង់រួចជាស្ថាពរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរព អរគុណ ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាក្នុងការសាងសង់ សាលប្រជុំបើកចំហរសម្រាប់បងប្អូនអតីតយុទ្ធជនបានប្រើប្រាស់ ក្នុងការជួបជុំប្រារព្ធពិធីផ្សេងៗ បម្រើឲ្យសង្គម និងការជួបជុំក្នុងពិធីបុណ្យនានា ក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ កន្លងឯកឧត្តម នួន ផារ័ត្ន ក៍បានផ្ដល់អំពូលសូឡា៧៥ដើម ដាក់បំភ្លឺតាមដងផ្លូវក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងរួចមកហើយ ក្នុងនោះក៏បានគុណដល់បងប្អូនអតីតយុទ្ធជន ដែលបានចូលរួមចំណែកជាថវិកាបន្ថែមក្នុងការសាងសង់សាលប្រជុំនេះផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំ ដល់ក្រុមការងារ និងក្រុមជាងសំណង់ទាំងអស់ ដែលមានភារកិច្ចសាងសង់សាលប្រជុំនេះ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវធ្វើការសាងសង់ប្រកបដោយគុណភាព និងសោភ័ណភាព សម្រាប់ប្រើប្រាស់បានយូរអង្វែងតទៅ ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន ដែលមានកម្លាំងពលំមាំមួន ត្រូវជួយគ្នាជាកម្លាំងពលកម្មក្នុងការសាងសង់ ជៀសវាងការចំណាយថវិកាក្នុងតម្លៃពលកម្មថ្លៃដែលនាំឲ្យប៉ះពាល់ដល់គម្រោងថវិកាដែលត្រូវសាងសង់ ។
ដោយ ប៊ុន រដ្ឋា




































