រដ្ឋបាលខេត្តព្រះវិហារ បកស្រាយច្បាស់ៗ ពីគោលបំណងពិត នៃការចុះធ្វើអត្តសញ្ញាណកម្មដីធ្លីនៅស្រុកជាំក្សាន្ត ក្រោយមានកាតវ៉ា !

0

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ នេះ ដើម្បីបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មាន ជុំវិញករណីចុះអនុវត្តការធ្វើ «អត្តសញ្ញាណកម្មដីធ្លី» នៅតំបន់អមសងខាងផ្លូវថ្មី (តភ្ជាប់ពីភូមិក្រឡាពាស ឃុំព្រីងធំ ទៅកាន់តំបន់ស្រះម្លិះ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត) ក្រោយពីមានការលើកឡើង និងការតវ៉ាពីប្រជាពលរដ្ឋមួយចំនួននាពេលថ្មីៗនេះ។
​អាជ្ញាធរខេត្តបានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួន ៣ ធំៗ ដើម្បីធានាផលប្រយោជន៍រួម ការពារបរិស្ថាន និងរក្សាសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ គឺ ១-ការពារសិទ្ធិ និងធានាស្ថិរភាពបង្កបង្កើនផលរបស់ប្រជាពលរដ្ឋពិតប្រាកដ៖ ការចុះធ្វើអត្តសញ្ញាណកម្មនេះ គឺជាការស្រង់ទិន្នន័យជាក់ស្តែង ផ្ដោតលើការកត់ត្រាចំនួនគ្រួសារ ទំហំដី និងប្រភេទដំណាំ ,​ជួយឱ្យអាជ្ញាធរមានមូលដ្ឋានទិន្នន័យច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាដីធ្លីប្រកបដោយ តម្លាភាព និងយុត្តិធម៌ និង​ធានាថា ប្រជាពលរដ្ឋដែលអាស្រ័យផលពិតប្រាកដ អាចបន្តប្រកបរបរចិញ្ចឹមជីវិតនៅលើដីនោះបានដោយស្ថិរភាព និងមិនមានការបារម្ភ។ ២-​ទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់៖ វិធានការ​នេះមានគោលដៅ សំដៅទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានដីព្រៃអភិរក្សខុសច្បាប់ ដែលផ្ទុយនឹងបទប្បញ្ញត្តិច្បាប់ និងព្រះរាជក្រឹត្យ។

​អាជ្ញាធរខេត្តបង្ហាញការព្រួយបារម្ភថា ប្រសិនបើគ្មានការគ្រប់គ្រងឱ្យបានត្រឹមត្រូវទេ វានឹងនាំឱ្យមានការបាត់បង់ព្រៃឈើ និងធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរួមរបស់សហគមន៍។ និង៣-ផែនការយូរអង្វែង គឺការស្តារព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ​ការងារនេះជាផ្នែកមួយនៃផែនការរយៈពេលវែង ក្នុងការគ្រប់គ្រងដីធ្លី និងជំរុញការដាំដុះស្តារព្រៃឈើឡើងវិញ នៅតំបន់ដែលរងការខូចខាត។
​គោលបំណងគឺរក្សាតុល្យភាពធម្មជាតិ និងបន្សល់ទុកនូវធនធានធម្មជាតិដ៏មានតម្លៃសម្រាប់អនាគត។

​ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ ក៏បានធ្វើការអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យដំណើរការងារនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយការយោគយល់ និងទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព៕