មហាជនជម្រុញឱ្យមានការពិនិត្យ ក្រុមហ៊ុនស្តារអាងទឹកលេខ២ ក្រោយរងការរិះគន់ថា ឆ្លៀតឱកាសឈូសឆាយបំផ្លាញព្រៃឈើ

0


​ខេត្តពោធិ៍សាត់៖ ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណអនុវត្តគម្រោងស្តារអាងស្តុកទឹក នៃទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងតំបន់អារៃ ភូមិខ្សាច់ពូក ឃុំរកាត ស្រុកភ្នំក្រវាញ កំពុងរងការរិះគន់ និងការចោទប្រកាន់យ៉ាងចាស់ដៃពីមហាជនថា បាននិងកំពុងឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅតំបន់ក្បែរៗនោះ ដែលជាទង្វើបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងការតាមដានក្នុងមូលដ្ឋានបានទម្លាយឱ្យដឹងថា ក្រុមហ៊ុននេះមិនបានអនុវត្តតាមកិច្ចសន្យា ឬព្រំដែនកំណត់នោះឡើយ ប៉ុន្តែបែរជាលួចបែងចែកសិទ្ធិបន្តទៅឱ្យថៅកែផ្សេងៗគ្នាយ៉ាងអាណាធិបតេយ្យ ដើម្បីធ្វើសកម្មភាពឈូសឆាយ និងកាប់ជម្រះយកឈើតាមប្លុកនីមួយៗ រួមមាន៖
​ប្លុកទី១ (ផ្ទៃដី ១,៣០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ បារាំង និងមានឈ្មោះ ជា ឌឿន ធ្វើជាមេការ។ បច្ចុប្បន្នកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ (ប្រភេទអាអ៊ិច SK) ចំនួន ២គ្រឿង ធ្វើសកម្មភាពឈូសឆាយបើកផ្លូវចូលទៅកាប់ និងដឹកជញ្ជូនឈើយ៉ាងគឃ្លើន។
​ប្លុកទី២ (ផ្ទៃដី ៥០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ រា និងឈ្មោះ អាន។
​ប្លុកទី៣ (ផ្ទៃដី ១,០០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែឈ្មោះ ថា។
​ប្លុកទី៤ (ផ្ទៃដី ១,០០០ ហិកតា)៖ គ្រប់គ្រងដោយថៅកែរហស្សនាម បងត្រង៉ោល ដោយមានមេការបញ្ជាការឈូសឆាយផ្លូវចូលយកឈើឈ្មោះ ផា (ត្រូវបានគេស្គាល់ថាជាទាហាន) ដែលកំពុងដំណើរការសកម្មភាពយ៉ាងសកម្ម។
​សកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ក្រោមរូបភាពស្តារទំនប់ទឹកនេះ កំពុងតែធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងគម្របព្រៃឈើការពារធម្មជាតិ។ មហាជនកំពុងរង់ចាំមើលថាតើ អាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធនៃខេត្តពោធិ៍សាត់ នឹងមានវិធានការច្បាប់ក្តៅចំពោះក្រុមហ៊ុន និងក្រុមថៅកែទាំងនេះ ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដ៏រង្គាលនេះដែរឬទេ៕
​ដោយ ប៊ុន រដ្ឋា