ស្រះកែវ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់ប្រទេសថៃ បានធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ រួមជាមួយពលករខ្មែរចំនួន ៤នាក់ ខណៈពេលកំពុងព្យាយាមលួចឆ្លងដែន និងធ្វើដំណើរចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រស្រុកអារ៉ាញ់ ប្រទេសថៃ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីព្រំដែនបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការល្បាតដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ សមត្ថកិច្ចបានរកឃើញរថយន្តសង្ស័យមួយគ្រឿង ដែលដឹកនាំដោយមេខ្យល់ជនជាតិថៃ។ ក្រោយការស្ទាក់ចាប់ និងត្រួតពិនិត្យ ក្នុងរថយន្តនោះមានផ្ទុកពលករខ្មែរចំនួន ៤នាក់ (ស្រី ២នាក់ និងប្រុស ២នាក់) ដែលគ្មានឯកសារធ្វើដំណើរ ឬទិដ្ឋាការស្របច្បាប់ឡើយ។
តាមការសាកសួរដំបូង ពលករខ្មែរទាំងនោះបានសារភាពថា ពួកគេបានលួចឆ្លងដែនតាមច្រករបៀងធម្មជាតិ ដោយមានការសម្របសម្រួលពីមេខ្យល់ ដើម្បីស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយត្រូវបង់ប្រាក់កម្រៃជើងសារទៅឱ្យមេខ្យល់ស្រេចបាច់។បច្ចុប្បន្ន ជនសង្ស័យជាមេខ្យល់បើកបររថយន្ត រួមនិងពលករខ្មែរទាំង ៤នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលស្រុកអារ៉ាញ់ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ និងរៀបចំបញ្ជូនពលករខ្មែរទាំងនោះត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិ។
ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានអំពាវនាវម្តងហើយម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចាញ់បោកការអូសទាញរបស់មេខ្យល់ និងសូមធ្វើការផ្លាស់ទីលំនៅដើម្បីស្វែងរកការងារធ្វើដោយស្របច្បាប់ ដើម្បីជៀសវាងការប្រឈមមុខនឹងគ្រោះថ្នាក់ ឬការឃាត់ខ្លួនពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចបែបនេះ៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា

































