កាតព្វកិច្ចយោធា៖ មិនមែនជាបន្ទុក ប៉ុន្តែជាឱកាសមាសរបស់យុវជនក្នុងការកសាងខ្លួន និងការពារជាតិ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងជុំវិញការបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជាថា៖«យុវជនយើងដែលជាប់កាតព្វកិច្ចយោធា គឺមិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសរបស់ពួកគេជាពិសេសក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬមានសត្រូវឈ្លាន​ពាន»។

ប្រសាសន៍នេះបានផ្លាស់ប្តូរទស្សនៈបែបចាស់គំរឹល ដែលធ្លាប់តែគិតថាការចូលបម្រើកងទ័ពជាការខាតបង់ពេលវេលា ឬជាសម្ពាធ មកជាការមើលឃើញពី «ឱកាសមាស» ក្នុងការវិនិយោគលើខ្លួនឯង និងការតបស្នងសងគុណចំពោះទឹកដីមាតុភូមិវិញ។

១. ឱកាសមាសក្នុងការសម្តែងទឹកចិត្តស្នេហាជាតិ និងការពារមាតុភូមិ

សន្តិភាព និងស្ថិរភាពដែលយើងកំពុងមាននៅថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការលះបង់របស់បុព្វបុរស និងរៀមច្បងជំនាន់មុន។ យោធភូមិភាគ និងសាលាហ្វឹកហ្វឺនមិនមែនគ្រាន់តែជាកន្លែងរៀនកាន់អាវុធនោះទេ ប៉ុន្តែវាជាសាលាបណ្តុះស្មារតីដោយនៅទីនោះបណ្តុះនូវស្នេហាជាតិយ៉ាងពិតប្រាកដ ភាពក្លាហាន និងសាមគ្គីភាពរវាងខ្មែរនិងខ្មែរ។

ខែលការពារជាតិដោយការចូលរួមរបស់យុវជនម្នាក់ៗ គឺការបន្ថែមឥដ្ឋមួយដុំក្នុងការសាងសង់របងការពារជាតិដ៏រឹងមាំ ដើម្បីត្រៀមលក្ខណៈជានិច្ចក្នុងការការពារទឹកដីរាល់ពេលមានគ្រោះអាសន្ន ឬការគំរាមកំហែងពីខាងក្រៅ។

២. សាលាបណ្តុះបណ្តាលខ្លួនឲ្យក្លាយជា «ធនធានមនុស្សដ៏មានតម្លៃ»ក្រៅពីភារកិច្ចការពារព្រំដែន ការចូលរួមក្នុងជួរទ័ពគឺជាឱកាសដុសខាត់ខ្លួនឯងដែលរកមិនបាននៅក្នុងសាលាចំណេះដឹងទូទៅ។ នៅក្នុងជីវិតកងទ័ព យុវជននឹងទទួលបាន៖ វិន័យ និងសីលធម៌ខ្ពស់ ក្នុងការរស់នៅឱ្យមានសណ្តាប់ធ្នាប់ ស្គាល់ពេលវេសា ចេះគោរព និងកសាងភាពជាអ្នកដឹកនាំ។

ជំនាញវិជ្ជាជីវៈក្នុងការបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស និងចំណេះដឹងផ្សេងៗ ដែលអាចយកទៅប្រើប្រាស់ក្នុងជីវិតរស់នៅជាក់ស្តែង។

សូមបញ្ជាក់ថា ឆ្លងកាត់ការហ្វឹកហ្វឺនយោធា នឹងប្រែក្លាយយុវជនពីមនុស្សទន់ជ្រាយ ឲ្យក្លាយជាមនុស្សរឹងមាំទាំងស្មារតី និងកាយសម្បទា ដែលជាទុនដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍសង្គមជាតិផង និងបម្រើវិស័យការពារជាតិផង៕