ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃនេះថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ប្រជាជនកម្ពុជាគ្រប់រូបបានរួមគ្នាប្រារព្ធ «ទិវាជាតិនៃការចងចាំ» ដែលជាថ្ងៃរំលឹកដល់សោកនាដកម្មដ៏ជូរចត់មិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩)។
សម្តេចបន្តថា ទិវាជាតិនេះ ធ្វើឡើងក្នុងគោលបំណងរំលឹក និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋបរិសុទ្ធជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ នៅក្នុងរបបដ៏ឃោរឃៅ និងខ្មៅងងឹតមួយនេះ។
យោងតាមខ្លឹមសារនៃការរំលឹកនេះ បានបង្ហាញថារហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ បានយល់ដឹងយ៉ាងច្បាស់អំពីសោកនាដកម្មជិត ៣ទសវត្សរ៍ ដែលប្រទេសជាតិបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក។ នៅក្នុងរបបនោះ ប្រជាពលរដ្ឋខ្មែរត្រូវរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ តាមរយៈការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅដោយបង្ខំ និងការបង្ខំឱ្យធ្វើការជាទម្ងន់ដូចសត្វធាតុ។ លើសពីនេះទៅទៀត ជនរងគ្រោះជាច្រើនត្រូវស្លាប់ដោយសារតែគ្មានថ្នាំសង្កូវព្យាបាលជំងឺ និងខ្វះខាតអាហារបរិភោគ ដោយសារសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិ ក៏ត្រូវបានលុបបំបាត់ទាំងស្រុងដែរ។
ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យរបបដ៏ខ្មៅងងឹតនេះអាចវិលត្រឡប់មកសារជាថ្មី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់រូប បានអំពាវនាវ និងបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាការពារសន្តិភាពបច្ចុប្បន្នឱ្យបានគង់វង្សជាអមតៈ។ ការរួមគ្នាការពារសន្តិភាពនេះ គឺដោយសារតែសន្តិភាពជាគ្រឹះស្ថានដ៏សំខាន់តែមួយគត់ ដែលផ្តល់ឱកាសគ្រប់បែបយ៉ាងក្នុងការស្តារ និងកសាងសង្គមគ្រួសារ សហគមន៍ ក៏ដូចជាអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនរុងរឿងទៅមុខជាលំដាប់៕


































