កំពង់ចាម: ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅសម្រាប់ពលរដ្ឋក្នុងខេត្ត ចំនួន ៨.៨៧៥ គ្រួសារបន្ថែមទៀត ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី២០ ឧសភា ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង
ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី យ៉ាសមីន ស៊ីដឌីហ្គី (Yasmin Siddiqi ) នាយិកា នៃធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ប្រចាំនៅកម្ពុជា និងលោក ឡូរ៉ង់ ពិសប៉ូ (Laurent Raspaud) នាយករង នៃទីភ្នាក់ងារបារាំងសំរាប់ អភិវឌ្ឍន៍(AFD) ប្រចាំនៅកម្ពុជា ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា បើនិយាយអំពីវិស័យទឹកស្អាតក្នុងខេត្តកំពង់ចាម បរិមាណតម្រូវការប្រើប្រាស់ទឹកស្អា របស់ប្រជាពលរដ្ឋ មានការកើនឡើងជាប្រចាំ ដែលជាហេតុធ្វើឱ្យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ននេះ ពិតជាមិនអាចធានាបានទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋយើងបានឡើយ ។ ប៉ុន្តែដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីៗ បន្ថែមទៀតដែលបានស្ថាបនារួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យដំណើការជាផ្លូវការនៅថ្ងៃនេះ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលត្រូវបានចុះហត្ថលេខាកាលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ គម្រោងនេះ ចំណាយថវិកាសរុបប្រមាណជាង ១៣លានដុល្លារអាមេរិក ក្នុងនោះរួមមាន៖ ឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ឥណទានពីទីភ្នាក់ងារបារាំងសំរាប់ អភិវឌ្ឍន៍ន៍ (AFD) និងមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា “ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុខភាពសាធារណៈ ផលិតភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខណៈដែលនគរូបនីយកម្ម និងឧស្សាហូបនីយកម្មកំពុងរីកចម្រើនខ្លាំង ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលរឹងមាំ មានសារសំខាន់កាន់តែខ្លាំង សម្រាប់ការកសាងទីក្រុងដែលមានភាពធន់ ភាពប្រកួតប្រជែង និងងាយស្រួលរស់នៅសម្រាប់កម្ពុជា។”
ការសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម បានធ្វើឡើងបន្ទាប់ពីការសម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង កាលពីខែមេសា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធវិស័យទឹកស្អាត ពិសេសនៅតាមតាមបណ្តាខេត្ត-ក្រុង ដែលជាប្រភពកំណើនសេដ្ឋកិច្ចសំខាន់ៗ ផងដែរ ៕





































