(រាជធានីភ្នំពេញ)៖ វិធានការក្តៅបានផ្ទុះឡើងភ្លាមៗ! មុននេះបន្តិច នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចចេញប្រកាសបញ្ចប់មុខតំណែងលោក គង់ សុភាព ពីប្រធានស្ថានីយជញ្ជីងអចល័តថ្នល់ទទឹង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដោយបង្គាប់ឱ្យវិលត្រឡប់មកបម្រើការងារនៅអង្គភាពដើមវិញ។
យោងតាមប្រកាសផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដកស្រង់៖
ប្រការ ១៖ ត្រូវបានបញ្ចប់មុខតំណែងលោក គង់ សុភាព អត្តលេខ ១៧៣០៣០០២៩៦ ពីប្រធានស្ថានីយជញ្ជីងអចល័ត ថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ។
ប្រការ ២៖ នាយកខុទ្ទកាល័យ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថានជាតិសាធារណការ និងដឹកជញ្ជូន ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ និងប្រធានអង្គភាពក្រោមឱវាទក្រសួង ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ការសម្រេចដកតំណែងដ៏ទាន់ហន់នេះ បានធ្វើឡើងបន្ទាប់ពីមានការពិនិត្យលើរបាយការណ៍ និងភាពចាំបាច់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសញ្ញត្តិឱ្យឃើញថា នេះជាសារព្រមានមួយយ៉ាងធ្ងន់ធ្ងរ និងជាការអនុវត្តវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីថ្នាក់ដឹកនាំស្ថានីយជញ្ជីង ដែលមិនអាចលេងសើចបានឡើយ។
ខាងក្រោមនេះជាជារូបភាព លោក គង់ សុភាព និងសេចក្តីសម្រេចផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

































