កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា​ និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២៦នេះនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋ ជាពិសេសការរៀបចំផែនការការពារសន្តិសុខសុវត្ថិភាពជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ដែលសម្តេចបានអញ្ជេីញមកជួបសំណេះសំណាលជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីអង្គភាពនានាជុំវិញខេត្ត​ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀងនាពេលកន្លងទៅ។
ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន៨ចំណុចដូចខាងក្រោម៖
១,មន្ទីរ​/អង្គភាពជំនាញរួមមានមន្ទីររៀបចំដែនដី​ និងសាខាពន្ធដារខេត្ត​ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត​ ត្រូវជម្រុញការផ្តល់សេវាដីធ្លីឱ្យបានលឿនជូនដល់ប្រជាពលរដ្ឋតាមពេលវេលាដែលបានកំណត់។
២. អាជ្ញាធរក្រុង/ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តតាមដានបង្ក្រាបក្មេងទំនើងដែលបង្ករផលប៉ះពាល់ដល់សណ្តាប់ធ្នាប់​ និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
៣.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៤.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
៥.រដ្ឋបាលក្រុង​ ស្រុក​ មន្ទីរ​ អង្គភាព​ ពាក់ពន្ធទាំងអស់ត្រូវរៀបចំផែនការសំអាតអនាម័បរិស្ថាននៅតាមដងផ្លូវ​ ទីប្រជុំជន​ នៅជុំវិញទីកន្លែងធ្វេីការរបស់ខ្លួន។
៦,មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យរៀបចំកែសម្រួលទៅលេីប្រព័ន្ធលូរំដោះទឹកដេីម្បីបញ្ជៀសការជនលិចនារដូវវស្សាខាងមុខនេះ។
៧,សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តតាមដានបទល្មេីស(Scam onlin)នៅតាមទីតាំងនានាដែលមានការសង្ស័យត្រូវសហការបង្ក្រាបបោសសម្អាតឱ្យដល់ឬសគល់។
៨,រដ្ឋបាលក្រុងស្រុកត្រូវពិនិត្យតាមដាននិងទប់ស្កាត់ការរំលោភលេីដីចំណីផ្លូវ​ ព្រែក​ ប្រឡាយ​ បឹងបួររបស់រដ្ឋឱ្យបានទាន់ពេលវេលា។
ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតឲ្យមានការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងចំណុចវិជ្ចមានមួយចំនួនទៅលើការអនុវត្តការងាររបស់មន្ទីរអង្គភាពនានាដែលពាក់ព័ន្ធផងដែរ៕គឹមសេង