រដ្ឋបាលខេត្តសៀមរាបនិងរដ្ឋបាលស្រុកវ៉ារិនអញ្ជើញសួរសុខទុក្ខម្តាយ របស់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

0

សៀមរាប នៅរសៀលថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៦នេះ លោក ឌុច គិមដម នាយករងរដ្ឋបាលសាលាខេត្តសៀមរាបតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន ព្រមទាំងមានការចូលរួមពីសំណាក់មន្ទីរអភិវឌ្ឍជនបទខេត្តសៀមរាប រតនាគារខេត្តសៀមរាប រដ្ឋបាលស្រុកវ៉ារិននិងអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានអញ្ជើញចុះសួសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគនិងថវិកាជូនដល់ លោកស្រី នាត ឈឿត អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឬស្សីធំ ឃុំស្វាយស ស្រុកវ៉ារិន ដែលជំងឺធ្ងន់ធ្ងរ ហើយតែកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែល ត្រូវជាម្ដាយរបស់លោក បូយ សាគុណប៊ុនវង្ស ជាកងទ័ពដែលកំពុងឈរជើងនៅក្នុងកងពលធំអន្តរាគមន៍លេខ៣ (វរៈសេនាតូចស៊ើបការណ៍) ។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ឌុច គិមដម នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ក៍បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏ដូចជាថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ផងដែរ ។ លោក ឌុច គិមដម បន្តថាកងទ័ពរបស់យើងគឺជាខ្នងបង្អែកដ៏រឹងមាំក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន។ នៅពេលដែលបងប្អូនកងទ័ពកំពុងឈរជើងបំពេញភារកិច្ចនៅសមរភូមិមុខ អាជ្ញាធរនៅសមរភូមិក្រោយ មានតួនាទីយ៉ាងសំខាន់ក្នុងការមើលថែ ទ្រទ្រង់ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសាររបស់ពួកគាត់។ លោកបានបន្ថែមថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយបន្តិចបន្តួចនាពេលនេះ ទោះបីមិនបានបំពេញចិត្តគ្រប់គ្រាន់ តែវាជាការបង្ហាញពីទឹកចិត្ត មិនបោះបង់គ្នា និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់របស់យុទ្ធជនយើង។ ហើយជូនពរសូមឱ្យ លោកស្រីបានជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗ ដើម្បីជាកម្លាំងចិត្តដ៏ធំធេងដល់កូនដែលកំពុងឈរជើងការពារមាតុភូមិ ។ ក្នុងនោះដែរដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺរដ្ឋបាលខេត្តសៀមរាបនិងរដ្ឋបាលស្រុកវ៉ារិនគ៍បានជូននូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាផងដែរ ៕