ដោយ៖ ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ រូបភាពនៃមនុស្សម្នារាប់ម៉ឺននាក់មកពីគ្រប់ទិសទី បានបង្កើតទៅជាទិដ្ឋភាពដ៏រស់រវើក និងមហាសាមគ្គីមួយ នៅលើទឹកដីខេត្តស្ទឹងត្រែង ក្នុងព្រឹត្តិការណ៍ “១ម៉ឺនជំហាន ១ម៉ឺននាក់” កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ។
ព្រឹត្តិការណ៍ដ៏ធំសម្បើមនេះ ត្រូវបានប្រារព្ធឡើងនៅសួននាគជ័យតេជោសន្តិភាព មុខសាលាខេត្តស្ទឹងត្រែង ក្រោមប្រធានបទដ៏មានអត្ថន័យ “រត់ ដើរ ដើម្បីលើកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន និងដើម្បីសុខភាព”។
នៅក្នុងឱកាសដ៏អធិកអធមនោះ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ “នេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់វិស័យកីឡា និងជាការបណ្តុះស្មារតី ដើម្បីឈានទៅធ្វើឲ្យខេត្តស្ទឹងត្រែង មានអត្តពលឹកកាន់តែច្រើន និងមានសមត្ថភាពខ្ពស់ សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិមហាសង្ក្រាន្តខាងមុខ”។
វាក៏ជាមោទនភាពថ្មីមួយទៀតសម្រាប់ខេត្តភាគឦសានមួយនេះផងដែរ ដ្បិតអីកន្លងមក ខេត្តស្ទឹងត្រែងត្រូវបានក្រសួងទេសចរណ៍ជ្រើសរើសជារឿយៗ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗកម្រិតអន្តរជាតិ ដូចជា៖ ព្រឹត្តិការណ៍ធាក់ស៊ីក្លូភ្នំពេញ-ស្ទឹងត្រែង និងការបើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង ដើម្បីអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន នាដើមឆ្នាំ២០២៦នេះជាដើម។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់-ដើរ «១ម៉ឺនជំហាន ១ម៉ឺននាក់» នេះ មិនត្រឹមតែធ្វើឡើង ដើម្បីសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះវប្បធម៌អាន ការសិក្សាស្រាវជ្រាវ និងការយល់ដឹងពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ តាមរយៈការទស្សនាសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ទៀតផង។
ដើម្បីឱ្យមហាព្រឹត្តិការណ៍នេះលេចចេញជារូបរាង និងជោគជ័យយ៉ាងត្រចះត្រចង់ រដ្ឋបាលខេត្ត ក្រុង មន្ទីរអង្គភាព អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានចាប់ដៃសហការគ្នាយ៉ាងស្អិតរមួត ជាមួយប្រតិភូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (Amret) ក្នុងការសម្របសម្រួល បង្កើតបានជាទិដ្ឋភាពដ៏សប្បាយរីករាយ មានសុវត្ថិភាពខ្ពស់ និងទទួលបានផ្លែផ្កាយ៉ាងរលូនតាមការគ្រោងទុក៕




































