មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩

0

សៀមរាប: នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ដែលបានដាក់ចេញនូវប្រតិទិនសម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៧ កាលពីឆ្នាំ២០២៦ កន្លងទៅ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា(ផ.យ.ថ)និងសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំឱ្យមានប្រសិទ្ធភាព។
លោក ជា ម៉េង ប្រធានការិយាល័យថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ផ្អែកលើក្របខ័ណ្ឌខាងលើ សារាចរស្ដីពីការរៀបចំ ផ.យ.ថ ឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ត្រូវបានដាក់ចេញដើម្បីផ្ដល់មគ្គុទ្ទេសក៍បច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធដល់គ្រប់ក្រសួងស្ថាប័ន មន្ទីរជំនាញរាជធានីខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលស្ថិតក្រោមក្រសួងស្ថាប័ននីមួយៗ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការរៀបចំថវិកាពាក់ព័ន្ធនឹងមុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ។
លោក ជា ម៉េង បានបញ្ជាក់ថា សារាចរនេះត្រូវបានរៀបចំឡើងដោយផ្អែកលើគោលបំណងចម្បង ដែលត្រូវបានកំណត់ក្នុងទីហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ពោលគឺដើម្បីការពារអធិបតេយ្យជាតិ និងរូបភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងជំរុញសន្ទុះកំណើនរយៈពេលមធ្យមក្នុងបរិការណ៍ភាពមិនប្រាកដប្រជាខ្ពស់ដោយធានានូវលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និងចីរភាពហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ក៏បានផ្ដល់នូវទស្សនវិស័យអំពីនិន្នាការចំណូល និងចំណាយថវិកាជាតិ ព្រមទាំងកំណត់លម្អថវិកាដែលសម្រាប់រាជរដ្ឋាភិបាលមានលទ្ធភាពដោះស្រាយ តម្រូវការចំណាយជាយុទ្ធសាស្ត្រ និងជាអាទិភាពសម្រាប់រយៈពេលខ្លី និងមធ្យមក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ពីកត្តាខាងក្រៅ ។ លោកប្រធានការិយាល័យ ក៏បានសង្កត់ធ្ងន់ថា គ្រប់ក្រសួងស្ថាប័ន និងមន្ទីរជំនាញរាជធានីខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវបញ្ជូន ផ.យ.ថ ឆ្នាំ២០២៧-២០២៩ និងគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២៧ របស់ខ្លួនចំនួន២ច្បាប់ មកអគ្គនាយកដ្ឋានថវិកា យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦៕