ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ ដោយបានទទួលព័ត៌មានពីកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងល្បាតជាមួយកម្លាំងចម្រុះ បានប្រទះឃើញឈើជម្រៀកចំនួន ២ ពំនូក មានប្រមាណជា ៤ ម៉ែត្រគូប ត្រូវបានលាក់ទុកនៅក្នង តំបន់ព្រៃសហគមន៍អូដាសស្គរ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ នៅរសៀលថ្ងៃទី ២៦ ខែ
ឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យមើលស្ថានភាពនេះដល់ទីកន្លែង ដើម្បីវាយតម្លៃនិងចាត់វិធានការបន្ត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្រោយធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវព័ត៌មាននៅតំបន់នេះរួចមក បានបញ្ជាក់ថា ឈើចម្រៀកប្រមាណ ៤ ម៉ែត្រគូប ដែលជនល្មើសលួចកាប់ និងដឹកជញ្ជូនដោយខុសច្បាប់ចេញពីតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ កាលពីរាត្រីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅ ត្រូវបានយកទៅលួចលាក់ទុក នៅក្នុងព្រៃសហគមន៍អូដាសស្គរ បន្ទាប់ពីកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាប់ឃាត់បានចំនួន ២ គោយន្តកន្លងទៅ នៅវេលាទៀបភ្លឺ ព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ បញ្ជូនទៅកាន់មន្ត្រីរដ្ឋបាលព្រៃឈើទំរីង ចាត់ការតាមនីតិវិធីច្បាប់ ហើយគោយន្តទាំងពីរគ្រឿងនេះ រង់ចាំឱកាសដើម្បីដឹកជញ្ជូនចេញទៅកាន់គោលដៅដែលពួកគេបានកំណត់ តែមិនអាចចេញរួចពីតំបន់នេះ ព្រោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធយាមល្បាតជាប្រចាំ ទើបធ្វើឲ្យពួកគេទាល់ច្រក រួចហើយកាប់ទម្លាក់ឈើចេញ បើកគោយន្តរត់គេចខ្លួនបាត់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ដោយបានការពិភាក្សា នឹងសុំយោបល់សម្រេចពីលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំរួចមក បានបញ្ជាឲ្យកងកម្លាំងចម្រុះ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ូ សុធា មេបញ្ជាការផ្នែកសឹករងសណ្ដាន់ សហការដឹកជញ្ជូនឈើចម្រៀកខុសច្បាប់ទាំងនេះ ដើម្បីយកទៅប្រគល់ជូន សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់កងកម្លាំងចម្រុះ ពិសេសស្ថាប័នជំនាញដែលមានការពាក់ព័ន្ធ ត្រូវបន្តស្រាវជ្រាវ វែករកមុខសញ្ញាជនល្មើស ដែលបានកាត់បំផ្លាញព្រៃឈើ ដើម្បីយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ដូចប្រសាសន៍ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា (មានតែកុកទេ ដែលភ្លេចជង់ តែជុងមិនដែលភ្លេចកុកឡើយ) ។





































