អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកទៅប្រគល់ជូនអតីតយុទ្ធជន ដែលមានជំងឺប្រចាំកាយ និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត

0

ខេត្តកំពង់ធំ៖ អំណោយមនុស្សធម៌របស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមបតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដឹកនាំសហការី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ នាំយកទៅឧបត្ថម្ភជូន អតីតយុទ្ធជន បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំដងកាំបិត ដែលកំពុងមានជំងឺប្រចាំកាយ និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ  នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោក ឆូយ ម៉ាប់ អតីតយុទ្ធជន ដែលធ្លាប់ចូលបម្រើក្នុងជួរកងទ័ពនៅក្នុងអង្គភាពយោធាស្រុកសណ្ដាន់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំដងកាំបិត ស្រុកសណ្ដាន់ កំពុងមានជំងឺប្រចាំកាយ ហើយមានការលំបាកខ្វះខាតយ៉ាងខ្លាំង ដោយត្រូវទៅកាន់មន្ទីរពេទ្យក្នុងមួយខែ ពី ២ ទៅ ៣ ដង ។ ទោះបីមន្ទីរពេទ្យរដ្ឋនានាព្យាបាលជំងឺដោយមិនគិតប្រាក់ ដោយគាត់មានប័ណ្ណ ប ស ស ក៍ដោយក្តី  តែគាត់ត្រូវចំណាយក្នុងការធ្វើដំណើរ និងការហូបចុកក្នុងពេលសម្រាកព្យាបាលជំងឺ ទាំងរូបគាត់និងភរិយា ដែលត្រូវទៅកំដរគាត់ផងដែរ ។

ដោយឡែកប្រជាពលរដ្ឋចំនួន ២ គ្រួសារទៀត ក្នុងនោះមួយគ្រួសាររស់នៅក្នុងភូមិសំព័រធំ ជាជនចាស់ជរា មានជីវភាពលំបាកខ្វះខាតយ៉ាងខ្លាំង ដោយដំបូលផ្ទះធ្លុះធ្លាយ ពេលភ្លៀងម្ដងៗ មិនអាចសម្រាកបាន និងគ្មានថវិកាទិញស័ង្កសីសម្រាប់ប្រក់ដំបូលផ្ទះជ្រកភ្លៀងបានឡើយ ។ ដោយឡែកប្រជាពលរដ្ឋមួយគ្រួសារទៀត ជាភរិយានៅក្មេងវ័យ ដែលភរិយាមានអាយុទើបតែ ២៤ ឆ្នាំ ហើយមានកូនតូចៗនៅក្នុងបន្ទប់ចំនួន ៤ នាក់ រស់នៅភូមិស្រែវាលខាងលិច ។ ដោយស្វាមីប្រកបរបរធ្វើចំការបន្តិចបន្តួច គ្រាន់បានប្រាក់ចិញ្ចឹមជីវិតគ្រួសារ តែគ្មានលទ្ធភាពក្នុងការសាងសង់ជម្រកស្នាក់នៅបានឡើយ។ ដោយឃើញនូវការលំបាកនេះ បងប្អូនជិតខាងបានជួយរកឈើបន្តិចបន្តួច មករួមគ្នាសាងសង់ជម្រកស្នាក់នៅតូចល្មមសមរម្យជូនគាត់ តែគាត់គ្មានលទ្ធភាពក្នុងការទិញស័ង្កសីសម្រាប់ប្រក់ដំបូលផ្ទះបាន។

ដោយឃើញពីការលំបាកនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនលោក ឆូយ ម៉ាប់ នូវថវិកាចំនួន ១០០ ដុល្លារសហរដ្ឋអាមេរិក ព្រមទាំងស្បៀងអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ដោយឡែកប្រជាពលរដ្ឋចំនួន ២ គ្រួសារផ្សេងទៀត ដែលមានការខ្វះខាត ទទួលបានស័ង្កសីមួយគ្រួសារចំនួន ៤០ សន្លឹក និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនទៀតផងដែរ។

អតីតយុទ្ធជន ដែលមានជំងឺប្រចាំកាយ និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតទាំងពីរគ្រួសារ មានក្តីរំភើបចិត្តជាពន់ពេក ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដល់ក្រុមគ្រួសារគាត់ និងបានសូមគោរពជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។