លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តដល់គ្រប់អាជ្ញាធរឃុំ ត្រូវពិនិត្យលទ្ធភាពក្នុងការកសាងផ្លូវបេតុងអាមេ ជូនពលរដ្ឋក្នុងមូលដ្ឋានជំនួសផ្លូវក្រាលក្រួក្រហម

0

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តដល់អាជ្ញាធរឃុំ ត្រូវពិនិត្យលទ្ធភាពក្នុងការកសាងផ្លូវបេតុងអាមេ ជូនពលរដ្ឋក្នុងមូលដ្ឋានជំនួសផ្លូវក្រាលក្រួក្រហមលោក សាយ គឹមឡម បានលើកឡើងនេះក្នុងពិធីដេញថ្លៃកិច្ចសន្យាសំណង់គម្រោងមូលនិធិឃុំសាងសង់ផ្លូវក្រួសក្រហម និងលូ ស្ថិតនៅក្នុងឃុំចំណាក្រោម កាលពីព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៦។

ជាមួយគ្នាលោកបានលើកទឹកចិត្តថែមទៀតដល់រដ្ឋបាលឃុំត្រូវពិនិត្យឥរិយាបថ និងការអនុវត្តគុណភាពប្រសិទ្ធភាពការងារ ព្រមទាំងការផ្ដល់សេវាសាធារណៈរបស់ខ្លួនជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនិងសាធារណៈជន ជាពិសេសត្រូវប្រើប្រាស់ថវិកាឃុំប្រកបដោយតម្លាភាព គុណភាពនិងគណនេយ្យភាព រៀបចំតុបតែងកែច្នៃបរិយាកាសនិងបរិស្ថានការងារ និងបរិស្ថាននៅក្នុងបរិវេណសាលាឃុំផងដែរ។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានសាទរក្រៃលែងដល់រដ្ឋបាលឃុំដែលបានពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវក្រួសក្រហមនេះ ដើម្បីឆ្លើយតបតម្រូវការជាអាទិភាពនៅចំពោះមុខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយត្រូវចុះតាមដានត្រួតពិនិត្យថែទាំដំណើរការសាងសង់ ថែទាំឱ្យបានជាប្រចាំ និងអំពាវនាវពលរដ្ឋក្នុងមូលដ្ឋានចូលរួមថែរក្សាផ្លូវនេះឱ្យបានគ្រប់គ្នាដើម្បីធានានូវការប្រើប្រាស់បានយូរ ពិសេសការចូលរួមថែរក្សាការពារប្រព័ន្ធលូ ដើម្បីជាការរួមចំណែកក្នុងការរំដោះទឹកជំនន់និងថែរក្សាការពារផ្លូវថែមទៀត។

លើសពីនេះលោកអភិបាលស្រុកស្ទោង បានក្រើនរំលឹកដល់ ម្ចាស់ក្រុមហ៊ុនដែលឈ្នះក្នុងការកសាងផ្លូវនេះ ត្រូវសហការគ្នាជាមួយអាជ្ញាធរឃុំចំណាក្រោម ក្នុងការបើកពង្រីកផ្លូវឱ្យបានធំទូលាយហើយ ធ្វើផ្លូវតាមបទដ្ឋានបច្ចេកទេសសំណង់កិច្ចសន្យាជាពិសេសឱ្យបានឆាប់រហ័សទាន់ពេលវេលាថែមទៀត។

គួរបញ្ជាក់ផងដែរថា ការសាងផ្លូវគ្រួសក្រហមនេះមានប្រវែង 0.៦៥០គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ក្រួសក្រហម០.១៥ម៉ែត្រ កម្ពស់ដីស១.២ម៉ែត្រ និងស្លាកគម្រោង ១កន្លែងសាងសង់លូទោលអង្គត់ផ្គិត១,០០០មីលីម៉ែត្រ ប្រវែង៧ម៉ែត្រចំនួន១កន្លែង និងសាងសង់លូភ្លោះអង្កត់១,០០០មីលីម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន១កន្លែង និងលូជ្រុងកម្ពស់៣ ម៉ែត្រប្រវែង២ម៉ែត្រចំនួន១កន្លែង ជាមួយថវិកាប៉ាន់ស្មានប្រមាណ ១៥៥,៣៤,២៣០២៛០០ផងដែរ។