ដោយ៖ឡុង សំបូរ
ខេត្តរតនគិរី៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានដាក់ចេញនូវវិធានការក្តៅ ដោយបើកយុទ្ធនាការទ្រង់ទ្រាយធំរយៈពេល ២ថ្ងៃជាប់ៗគ្នា ចុះឆែកឆេរទីតាំងសង្ស័យសរុបចំនួន ១២៤កន្លែង និងត្រួតពិនិត្យជនបរទេសជាង ៦០០នាក់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រតិបត្តិការដ៏ម៉ឺងម៉ាត់នេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ដោយបានចល័តកម្លាំងចម្រុះសរុបចំនួន ៣១៤នាក់ ចុះធ្វើរដ្ឋបាលចំហរនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងស្នាក់នៅប្រមូលផ្តុំនានា ទូទាំងក្រុង-ស្រុកទាំង៩។
ជាលទ្ធផល នៅក្នុងកិច្ចប្រតិបត្តិការកាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា កម្លាំងសមត្ថកិច្ចសម្រេចបាន៖ ការត្រួតពិនិត្យទីតាំងសរុបចំនួន ១២៤ ទីតាំង ,ត្រួតពិនិត្យជនបរទេសសរុបចំនួន ៦៦១ នាក់ (ស្រី ១៤ នាក់) ដែលមានសញ្ជាតិចិន វៀតណាម កូរ៉េខាងត្បូង ឥណ្ឌា និងម៉ាឡេស៊ី។
ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ជាលទ្ធផល នៃការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើមនុស្ស សម្ភារៈ និងទីតាំងទាំងនោះ សមត្ថកិច្ចពុំបានរកឃើញវត្តមាននៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រខេត្តនោះទេ។
ទោះជាយ៉ាងនេះក្តី រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក នឹងបន្តយុទ្ធនាការចុះត្រួតពិនិត្យនេះជាប្រចាំ «ដូចភ្លៀងរលឹម»។ ជាមួយគ្នានោះដែរ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមសហការផ្តល់ព័ត៌មានសម្ងាត់ អំពីទីតាំងសង្ស័យនានា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា កុំឱ្យមានឱកាសប្រើប្រាស់ទឹកដីខេត្តរតនគិរី ធ្វើជាជម្រកប្រព្រឹត្តបទល្មើសបានឡើយ៕





































