រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្ត និងស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី នៅថ្ងៃស្អែកនេះ !

0

ដោយ៖ឡុង សំបូរ
ខេត្តមណ្ឌលគិរី៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសចូលកាន់តំណែងអភិបាលខេត្តថ្មី និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ។ ប៉ុន្តែ គេនៅមិនទាន់ដឹងសោះថា តើស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី ជាមន្ត្រីនគរបាលជាតិរូបណាមួយនោះទេ?។
រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងជាផ្លូវការរបស់ អភិបាលនៃគណៈអភិបាលខេត្ត និងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីថ្មី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ នៅសាលប្រជុំសាលាខេត្ត ប្រសិនបើគ្មានការប្រែប្រួលនោះទេ ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
យោងតាមកម្មវិធីដែលបានផ្សព្វផ្សាយ ពិធីផ្លូវការនេះនឹងចាប់ផ្តើមចាប់ពីម៉ោង ០៨:០០ នាទីព្រឹកតទៅ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មកពីស្ថាប័នពាក់ព័ន្ធជាយ៉ាងច្រើនកុះករ។
រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា លោក ថង សាវុន អភិបាលខេត្តចាស់ នឹងឡើងធ្វើសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍ជូនគណៈអធិបតី។ បន្ទាប់មក លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នឹងឡើងអានព្រះរាជក្រឹត្យតែងតាំងអភិបាលខេត្តមណ្ឌលគិរីថ្មី។ ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រគល់អនុក្រឹត្យតែងតាំង និងត្រាត្រួតពិនិត្យការងារជូនដល់ស្នងការនគរបាលខេត្តថ្មីផងដែរ។
គួររំលឹកផងដែរថា ជុំវិញការផ្លាស់ប្តូរមុខតំណែងដឹកនាំកំពូលរបស់ខេត្តភាគឦសានមួយនេះ ផ្អែកតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យដែលបានឡាយព្រហស្ថលេខាកាលពីពេលថ្មីៗកន្លងទៅ លោក ថង សាវុន អតីអភិបាលខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរភារកិច្ចទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំនួសមកវិញដោយ លោក គង់ គឹមនី (អតីតអភិបាលរងខេត្តក្រចេះ) ដែលត្រូវឡើងកាន់តំណែងជា អភិបាលនៃគណៈខេត្តមណ្ឌលគិរីថ្មី។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការចាស់ ត្រូវបានបញ្ចប់មុខតំណែង ហើយត្រូវជំនួសមកវិញ ដោយមន្ត្រីជាន់ខ្ពស់មួយរូបមកពីថ្នាក់ក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណា នៅក្នុងឯកសារកម្មវិធីផ្លូវការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី មិនទាន់បានបញ្ជាក់អត្តសញ្ញាណ និងឈ្មោះពិតប្រាកដរបស់ស្នងការនគរបាលខេត្តថ្មីនៅឡើយទេ ដែលចំណុចនេះបាន និងកំពុងធ្វើឱ្យមហាជន ក៏ដូចជាមន្ត្រីរាជការក្នុងមូលដ្ឋាន មានការងឿងឆ្ងល់ និងរង់ចាំតាមដានមើលយ៉ាងអន្ទះសារថា «តើនរណានឹងមកកាន់តំណែងជាមេប៉ូលីសខេត្តមណ្ឌលគិរី?»។
គួរកត់សម្គាល់ថា ការផ្លាស់ប្ដូររចនាសម្ព័ន្ធដឹកនាំទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរីនាពេលនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានសម្រេចចេញព្រះរាជក្រឹត្យ និងអនុក្រឹត្យផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងទាំងអភិបាលខេត្ត ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងពេលដំណាលគ្នា ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងករណីបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ (Scam Online) នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
យ៉ាងណាក៏ដោយ ចម្ងល់ និងការទន្ទឹងរង់ចាំរបស់មហាជនទាំងឡាយ នឹងត្រូវលាតត្រដាងយ៉ាងច្បាស់ជម្រះមន្ទិល នៅពេលដែលពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ចាប់ផ្តើមឡើង នាព្រឹកថ្ងៃទី២៨ ខែឧសភា ស្អែកនេះ៕