(កំពង់ធំ)÷ លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានសហការជាមួយលោក ប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) បន្តសកម្មភាពពិនិត្យរកជាតិស្ករជូនដល់មាតាបិតាសិស្ស និងធ្វើលំហាត់ប្រាណដល់
សិស្សានុសិស្សបឋមសិក្សា ស្ដីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា នៅសាលាបឋមសិក្សាអូរធំ ឃុំទីពោ និងសាលាបឋមសិក្សាជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៦។
លោក ប៊ី រីដែន មន្ត្រីសម្របសម្រួលរបស់អង្គការហេឡែនខែលល័រអន្តរជាតិ បានលើកឡើងថា៖ អង្គការហេឡែន ខេលល័រអន្តរជាតិ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) បានចាប់ដៃគូជាមួយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថានបឋមសិក្សាចំនួន១៥០ នៅខេត្តគោលដៅចំនួន៤គឺ ខេត្តកំពង់ធំ កំពង់ស្ពឺ កំពត និងខេត្តតាកែវ។ ជាមួយគ្នានេះ សម្រាប់ខេត្តកំពង់ធំ យើងបានអនុវត្តនៅ០៣ស្រុកគោលដៅ លើ៤០សាលាបឋមសិក្សា ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងពីប្រភេទជំងឺមិនឆ្លងនានានៅកម្ពុជា ពិសេសជំងឺទឹកនោមផ្អែម ពីផលប៉ះពាល់ និងវិធានការការពារ ព្រមទាំងធ្វើយ៉ាងណាឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីកំណត់ប្រភេទអាហារផ្ដល់ផលល្អសម្រាប់សុខភាព និងអាហារប៉ះពាល់សុខភាព ដើម្បីផលិតបដាប្រភេទអាហារសុខភាព ដែលសម្រេចជាផ្លូវការឱ្យលក់ និងអនុញ្ញាតឱ្យសិស្សទទួលទានក្នុងសាលារៀន។
ជាមួយគ្នានោះលោក ហូ ស៊ីវុទ្ធី អនុប្រធានការិយាល័យសុខភាពសិក្សា បានសំណូមពរដល់បងប្អូនអាជីវករលក់ដូរនៅក្នុង និងក្រៅរបងសាលារៀនត្រូវលក់អាហារដែលល្អសម្រាប់សុខភាពកុមារ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ដោយត្រឡប់ទៅប្រើប្រាស់ស្លឹកចេក ឬស្លឹកឈូកជំនួសវិញ។ ចំពោះលោកនាយកសាលា លោកគ្រូអ្នកគ្រូត្រូវបន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ការទទួលអាហារមិនល្អសម្រាប់សុខភាព ផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទីក ព្រមទាំងអប់រំចរិយាធម៌ សីលធម៌ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ និងជាប្រចាំផងដែរ។
ថ្លែងនៅក្នុងកម្មវិធីនេះលោក សៀន ហុកហេង ជូនចំពោះលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធវិស័យអប់រំផងដែរ តាមរយៈអង្គការហេឡែន ខេលល័រ អន្តរជាតិ ប្រចាំខេត្តកំពង់ធំ ដែលបានរៀបចំឱ្យមានពិនិត្យរកជាតិស្ករជូនដល់មាតាបិតាសិស្ស និងលំហាត់ប្រាណដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាដ៏មានសារៈសំខាន់នេះឡើង ដែលជាការចូលរួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផលិតនូវធនធានមនុស្សដែលរឹងមាំ(មានសុខភាពល្អ) ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាកសាងមូលធនមនុស្ស ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។
លោកបានបន្តទៀតថា នាពេលបច្ចុប្បន្នជំងឺមិនឆ្លងបានកើនឡើង និងឆក់យកអាយុជីវិតប្រជាជនកម្ពុជាគួរឱ្យព្រួយបារម្ភ ពិសេសជំងឺមហារីកបានសម្លាប់ជីវិតប្រជាជនកម្ពុជា០១នាក់ ក្នុងរយៈពេល៤០នាទី នេះបើតាមរបាយការណ៍របស់ក្រសួងសុខភិបាល។ ឆ្លើយតបនឹងបញ្ហានេះ ក្រៅពីកិច្ចសហការជាមួយអង្គការដៃគូ ការិយាល័យសុខភាពសិក្សាបាន ជំរុញដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ធ្វើយុទ្ធនាការសុវត្ថិភាពចំណីអាហារ លំហាត់ប្រាណ និងត្រូវត្រួតពិនិត្យជាប្រចាំលើការលក់ដូរចំណីអាហារក្នុង និងក្រៅសាលារៀន ហាមដាច់ខាតការនាំចូល និងលក់អាហារ និងភេសជ្ជៈប៉ះពាល់សុខភាពសិស្ស ការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទីកក្នុងសាលារៀន ព្រមទាំងទម្លាប់ឱ្យសិស្ស និងគ្រូបង្រៀនធ្វើលំហាត់ប្រាណជាប្រចាំផងដែរ។ លោកបានមានមតិសង្កត់ធ្ងន់ថា៖ ការអប់រំ ដែលយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ គឺជាការអប់រំដែលសម្រេចបានគោលដៅប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ព្រោះនៅពេលកុមារ យុវជន និងបុគ្គលិកអប់រំ មានសុខភាពល្អ ពួកគាត់នឹងបានចូលរួមយ៉ាងសកម្ម និងពេញលេញ ក្នុងការបណ្ដុះបណ្ដាលអប់រំ ធនធានមនុស្សរឹងមាំ និយូរអង្វែងផងដែរ។
សូមបញ្ជាក់ផងដែរថា ការពិនិត្យរកជាតិស្ករជូនដល់មាតាបិតាសិស្ស និងការធ្វើលំហាត់ប្រាណដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ស្ដីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថាន នេះ ក៏មានការដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ និងហាត់ប្រាណតាមចង្វាក់ភ្លេង ពីគ្រូជំនាញផ្នែកអប់រំកាយ និងកីឡាផងដែរ។ អត្ថបទលោក ធូ កែវមុន្នី





































