ទិដ្ឋភាពនាពេលរាត្រីក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌធំភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តនៅផាប់ទ្រីត Pub Streetខេត្តសៀមរាប

0

សៀមរាប  ៖  ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទាំងក្នុងស្រុក និងមកពីតាមបណ្តាខេត្ត បានអញ្ជើញមកទស្សនាប្រាងប្រាសាទនានា នៅក្នុងខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌធំ ដែលជាពិធីបុណ្យត្រូវបានប្រជាពលរដ្ឋប្រុសស្រី នាំគ្នាប្រារព្វធ្វើឡើង តាមគន្លទំនាមទំលាប់ប្រពៃណីវប្បធម៌ដ៏សំខាន់របស់ជាតិខ្មែរ តាំងពីដូនតា លុះនៅពេលរាត្រី ភ្ញៀវទេសចរណ៍បាន អញ្ជើញមកដើរលេងកំសាន្តនៅ ក្នុងតំបន់ទេសចរណ៍ផាប់ទ្រីត Pub Street ពោរពេញទៅដោយមនុស្សប្រុសស្រី ក្មេងចាស់ នាយប់ថ្ងៃទី ២២ កញ្ញា២០២៥។

ផាប់ទ្រីត Pub Street ខេត្តសៀមរាប ដែលគេចាត់ទុកថា ជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់និង សម្បូរណ៍បែបក្នុងពេលរាត្រី នៃទឹកដីខេត្តសៀមរាប ដែលទិដ្ឋភាពប្រកបដោយ ប្រជាពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកដើរលេងកំសាន្តរាប់ពាន់នាក់ ដែលកំពុងចាប់អារម្មណ៍ចំពោះសិល្បៈ តុបតែងបែបវប្បធម៌ ដែលបង្ហាញពីការចូលរួមបុណ្យប្រពៃណីរបស់ប្រជាជាតិខ្មែរ ដែលមានរូបនំអន្សម ដូង នំគមនិងការខ្នៃប្រឌិត នូវភ្លៀងពណ៌ចម្រុះ សម្រាប់ដាក់តាំងឲ្យភ្ញៀវថតរូបយ៉ាងជក់ចិត្តឌិតអារម្មណ៍ផងដែរ។

មិនតែប៉ុណ្ណោះ នៅក្នុងទីតាំងទេសចរណ៍ ផាប់ទ្រីត មានភោជនីយដ្ឋាន និងហាងកំសាន្តជាច្រើនតាមបណ្តោយផ្លូវ បានរៀបចំកន្លែងស្វាគមន៍ភ្ញៀវជាមួយម្ហូបអាហារជាច្រើនប្រភេទ ដោយមានទាំងម្ហូបអ៊ឺរ៉ុប និងម្ហូបប្រពៃណីខ្មែរ ក្រៅពីម្ហូបអាហារ ក៏មានហាងម៉ាស្សាដែលផ្តល់សេវាសម្រាកសម្រាល សម្រួលសរសៃសាច់ដុំ និងហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន ដែលបន្ថែមភាពទាក់ទាញឲ្យផាប់ទ្រីត Pub Street កាន់តែរីកចម្រើន ពន្លឺពណ៌ភ្លើងអគ្គិសនី និងសម្លេងតន្ត្រីសប្បាយៗ បានបន្ថែមឲ្យយប់នោះក្លាយជាការចងចាំដ៏ពិសេសសម្រាប់ភ្ញៀវទេសចរណ៍ សកម្មភាពទាំងនេះ មិនត្រឹមតែបង្ហាញពីសេចក្ដីរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌទេ ប៉ុន្តែថែមទាំងជាការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះខេត្តសៀមរាប ជាទីក្រុងទេសចរណ៍ដ៏មានសក្តានុពល និងពោរពេញដោយវប្បធម៌ប្រពៃណីក៏ជាការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោកថែមទៀតផង។

ក្នុងនោះក៏សង្កេតឃើញមាន កងកម្លាំងសមត្ថកិច្ចប៉ូលិសចរាចរណ៍ នៃស្នងការនគបាល ខេត្តសៀមរាប​ ឈរសម្រួលចរាចរណ៍ មិនឲ្យមានការកកស្ទះនូវយាន្តយន្ត កំពុងធ្វើដំណើរ រីឯកងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ប្រចាំការនៅតាមចំនុចគោលដៅផ្សេងៗ ដើម្បីការពារសុវត្តិភាព ជូនភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកលេងកំសាន្ត នៅក្នុងរាត្រីនៃតំបន់ផាប់ទ្រីតនេះផងដែរ។

ដោយ ប៊ុន រដ្ឋា