(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារឧបត្ថម្ភ ជូនជនភៀសសឹក ដែលមកស្នាក់នៅខេត្តកំពង់ធំ។
ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានណែនាំ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ ចំពោះបងប្អូនជនភៀសសឹក ដែលភៀសខ្លួនចាកចេញពីផ្ទះសម្បែង ស្វែងរកទីកន្លែងមានសុវត្ថិភាព ស្នាក់នៅបណ្ដោះអាសន្ន តាមបណ្តាខេត្តនានា ដើម្បីគេចចេញពីភ្លើងសង្រ្គាម ដែលបង្ករដោយការឈ្លានពានរបស់ទ័ពសៀម ល្មោភសង្គ្រាម ។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល និងជាប្រធានគណៈអភិបាលខេត្ត ជូនចំពោះបងប្អូនជនភៀសសឹក នាឱកាសនេះ ។
ជានិច្ចកាល ថ្នាក់ដឹកនាំតែងតែខ្វល់ខ្វាយអំពីសុខទុក្ខ សុខុមាលភាព ជីវភាព ការស្នាក់នៅ របស់បងប្អូនជាប្រចាំ ព្រមទាំងចាត់តាំងក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ឧបត្ថម្ភ ជូនបងប្អូនជាបន្តបន្ទាប់ ។ជាក់ស្តែងថ្ងៃនេះ លោកស្នងការ បានដឹកនាំកងកម្លាំង សហការជាមួយអាជ្ញាធរដែនដី ចុះជួបសំណេះសំណាល ជាមួយបងប្អូនផងដែរ ។
លោកស្នងការ បានផ្ដាំផ្ញើ ដល់ជនភៀសសឹក÷ ១-សូមបងប្អូន ថែទាំសុខភាព តាមរយៈធ្វើអនាម័យ ក្នុងការស្នាក់នៅ ទាំងការហូបចុក និងពិសារទឹកស្អាតជាប្រចាំ។ ២-បន្តរក្សាការសាមគ្គី ឯកភាពផ្ទៃក្នុង ចេះជួយគ្នា ទៅវិញទៅមកនាគ្រា ជួបការលំបាក។ ៣-បើមានបញ្ហាពាក់ព័ន្ធការងារសន្តិសុខ សុវត្ថិភាព សូមទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ដើម្បីសមត្ថកិច្ច មានមូលដ្ឋាន ជួយអន្តរាគមន៍ ជូនបងប្អូនបានទាន់ពេលវេលា។ ៤-បន្តឈរលើស្មារតី “ខ្មែរជួយខ្មែរ ខ្មែរតែមួយ” និងប្ដេជ្ញាចិត្ត គាំទ្រយ៉ាងពេញទំហឹង ចំពោះវីរកងទ័ពខ្មែរយើង ដែលកំពុងឈរជើង ការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ៥-សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់ នឹងត្រូវជឿជាក់ លើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា-ថៃ។
សូមបញ្ជាក់ដែរថា ក្នុងពិធីនោះ លោកស្នងការ បានប្រគល់ស្បៀងអារហារ សម្ភារៈ គ្រឿនឧបភោគបរិភោគ ដែលជាការឧបត្ថម្ភ ពីសប្បុរសជន ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកចែកជូនបន្ត ដល់ជនភៀសសឹក នៅស្រុកតាំងគោក ស្រុកបារាយណ៍ និងស្រុកសន្ទុកចំនួន១៥០ គ្រួសារ ដែលភៀសខ្លួនមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងកោះកុង ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករចំនួន២០ គីឡូក្រាម ទឹកបរិសុទ្ធចំនួន០២យួរ ឃីតចំនួន១កញ្ចប់ និងថវិកាចំនួន ៥០,០០០រៀលផងដែរ៕






































