(កំពង់ធំ)÷ នារសៀលថ្ងៃសុក្រទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ លំ គន្ធារីអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម អ៊ុង វទ្ធី អភិបាលរងខេត្ត លោកនាយកសាខា មន្ត្រីក្រុមប្រតិបត្តិ បានចុះសួរសុខទុក្ខ វីរកងទ័ពជួរមុខ ចំនួន៩៦ រូប ដែលបានរងរបួស
កំពុងសម្រាកព្យាបាល នៅមន្ទីរខេត្តកំពង់ធំ ។
ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពជួរមុខលោកជំទាវ លំ គន្ធារី បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធ កូន ទៅបំពេញបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមព្រំដែន រហូតខ្លះត្រូវរងរបួសធ្ងន់ខ្លះរបួសស្រាល ដែលត្រូវបញ្ជូនអោយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ។
លោកជំទាវ ក៏បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែបានណែនាំឱ្យគ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះឱ្យទាន់ពេលវេលា ពិសេសត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជំងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាសំខាន់។
ក្នុងឱកាសនោះ លោកជំទាវ បានសំណូមពរវីរៈយុទ្ធជនយើង ខិតខំថែទាំសុខភាពឱ្យបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន និងជូនពរឆាប់ជាសះស្បើយពីជំងឺនឹងឆាប់បានវិលត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពវិញ។
សូមបញ្ជាក់ផងដែរ សម្រាប់ថវិកាផ្តល់ជូនដល់
យុវជនកងទ័ព្ធចំនួន៣នាក់ រងរបួសធ្ងន់ក្នុង១នាក់ទទួលបានថវិកា៥០ម៉ឺនរៀល។
របួលធ្ងន់(ល្មម)២១នាក់ ក្នុង១នាក់ទទួលបានថវិកា៤០ម៉ឺនរៀល។ របួស(ស្រាល)៧២នាក់ ក្នុង១នាក់ទទួលបានថវិកា២០ម៉ឺនរៀលផងដែរ៕






































