សង្កាត់អាចារ្យលាក់ ប្រគល់ប័ណ្ណសមធម៌ដល់ប្រជាពលរដ្ឋ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅ និងធានាសិទ្ធិទទួលបានសេវាសង្គម

0

(កំពង់ធំ)÷នៅថ្ងៃ២៤ខែធ្នូ ឆ្នាំ២០២៥ លោកយាន ស៊ុនហឿងនិងក្រុមប្រឹក្សា សង្កាត់អាចារ្យលាក់ បានរៀបចំពិធីប្រគល់ប័ណ្ណសមធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ នៅក្នុងមូលដ្ឋានសង្កាត់អាចារ្យលាក់ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅ និងធានាសិទ្ធិទទួលបានសេវាសង្គមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ពិធីនេះមានការចូលរួមពីអាជ្ញាធរសង្កាត់ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលទទួលបានប័ណ្ណសមធម៌ ប្រកបដោយបរិយាកាសរីករាយ និងមានសណ្តាប់ធ្នាប់ល្អ។

លោកយានស៊ុនហឿងបានមានប្រសាសន៍ថា ប័ណ្ណសមធម៌គឺជាគោលនយោបាយសំខាន់មួយ ដើម្បីជួយសម្រួលការរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រដែលអាចទទួលបានសេវាសុខាភិបាល ការគាំពារសង្គម និងជំនួយផ្សេងៗពីរដ្ឋបានយ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកយានស៊ុនហឿង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណសមធម៌ សូមថែរក្សាប័ណ្ណឲ្យបានល្អ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមគោលបំណង ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីកម្មវិធីរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងមានការឈ្លានពានពីប្រទេសថៃលោកចៅសង្កាត់បានលើកឡើងបន្តទៀតថា  ការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោធិបតី  ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការប្រឈមមុខនឹងខ្មាំងឈ្លានពាន
ជាពិសេស សម្តេចបានប្រកាន់ខ្ជាប់គោលការណ៍ សន្តិភាព ការចរចាទូត និងច្បាប់អន្តរជាតិ ជាមូលដ្ឋាន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

លោកចៅសង្កាត់បានអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការអន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការជួយដោះស្រាយបញ្ហាជម្លោះពាក់ព័ន្ធនឹងដែនអធិបតេយ្យនេះ ដោយផ្អែកលើច្បាប់អន្តរជាតិ គោលការណ៍សន្តិភាព និងការគោរពអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ។ សហគមន៍អន្តរជាតិគួរមានតួនាទីជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ប្រកាន់ខ្ជាប់ការអត់ធ្មត់ បញ្ឈប់សកម្មភាពដែលអាចបង្កការតានតឹង និងត្រឡប់មករកការចរចាដោយសន្តិវិធី។

ប្រជាពលរដ្ឋដែលបានទទួលប័ណ្ណសមធម៌ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរសង្កាត់អាចារ្យលាក់ ដែលបានយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ជាពិសេសក្នុងការជួយសម្រួលបញ្ហាសេដ្ឋកិច្ច និងសុខុមាលភាពប្រចាំថ្ងៃ។ អត្ថបទដោយសង្កាត់អាចារ្យលាក់-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប