សៀមរាប: នៅរសៀលថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២៥ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមដំណើរដោយអស់លោក លោកស្រីជា សប្បុរសជនខ្មែរជួយខ្មែរ អមដំណើរដោយលោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត
រួម អាជ្ញាធរស្រុក មន្ត្រីក្រុមការងារ ឃុំ នាំយកអំណោយសប្បុរសជនចែកជូនដល់គ្រួសារកងទ័ព និង គ្រួសារភៀសសឹក ចំនួន ១៩០គ្រួសារ នៅស្រុកប្រាសាទបាគង ។
តាមសេចក្តីរាយការណ៍របស់ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ចាប់ថ្ងៃសង្គ្រាមឈ្លានពានកើតឡើងនៅតាមបណ្តោយព្រំដែន កម្ពុជា ថៃ មកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋភៀសសឹក បានចូលមកស្នាក់នៅបណ្តោះអាសន្នក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ដែលរដ្ឋបាលស្រុកបានរៀបចំទទួលបងប្អូន មាន០៦ មណ្ឌលសុវត្ថិភាព និង តាមផ្ទះបងប្អូន មានចំនួន ២ពាន់៥០២គ្រួសារ មានសមាជិក ចំនួន ៧ពាន់៩៦៤នាក់ ។ លោក បានបន្តទៀតថា ដោយស្ថានភាពសង្រ្គាមអូសបន្លាយនេះ រដ្ឋបាលស្រុកបានអនុត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតសួនដំណាំ មានទំហំ ២ហិចតា សម្រាប់ឲ្យបងប្អូនភៀសសឹក ធ្វើការដាំបន្លែបង្ការ ដើមី្បទ្រទ្រង់ជីវភាពរបស់បងប្អូនទៅពេលខាងមុខ ។
មានប្រសាសន៍នោះដែរក្នុងនាមរដ្ឋបាលខេត្ត លោក ឌី រ៉ាដូ ក៏បានបញ្ជាក់ដល់គណៈប្រតិភូផងដែរ អំពីកំណើននៃបងប្អូនភៀសសឹក បានមកស្នាក់នៅជាបណ្តោះអាសន្នក្នុងភូមិសាស្ត្រខេត្តសៀមរាប មានចំនួន ៤៧ពាន់ ២២២គ្រួសារ មានសមាជិក ១៤៧ពាន់១៥៩នាក់ ត្រូវបានទទួលការផ្គត់ផ្គង់ជីវិភាព ពីរដ្ឋបាលខេត្តសៀមរាប ។ ក្នុង ការផ្គត់ផ្គង់នោះ ដោយមានការជួយឧបត្ថម្ភពីបងប្អូនសប្បុរសជនជាតិ អន្តរជាតិ ក្នុងស្មារតីខ្មែរជួយខ្មែរ នៃមនុស្សជាតិ តែមួយនៅលើភពផែនដីនេះ ។ លោកក៏បានគូសបញ្ជាក់ថា ក្រោមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និង ឯកឧត្តម អភិបាលខេត្ត សូមឲ្យគ្រប់បណ្តាក្រុង ស្រុក ត្រូវបង្កើតនូវសួនដំណាំ ដាំបន្លែងជូនបងប្អូនភៀសសឹក ក្នុងការដោះស្រាយ ជីវភាពពួកគាត់ប្រចាំថ្ងៃ ក្នុងការកាត់បន្ថយការចំណាយមួយចំនួនរបស់បងប្អូន ក្នុងពេលជួបបញ្ហាសង្គ្រាមនេះ ។
លោក ក៏បានណែនាំឲ្យបងប្អូនភៀសសឹកទាំងអស់ យកចិត្តទុកដាក់ចំពោះសុខភាព អនាម័យ បរិស្ថាន នៅក្នុងទីវត្តអារាម ព្រមទាំងក្នុងពេលមានសមាជិកជួបបញ្ហាសុខភាព ត្រូវប្រញ៉ាប់ទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដោយភ្ជាប់ទៅជាមួយ បណ្ណ័ភៀសសឹកទៅជាមួយ ដោយព្យាបាលមិនគិតថ្លៃឡើយ ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ញ៉ែម មរកត និង កញ្ញា កុយ អេនណា ទូតសុឆន្ទះ នៃក្រសួងកិច្ចការនារី និងជាអនុប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សប្បុរសជន ជូនដល់បងប្អូនដោយផ្ទាល់ ប៉ុន្តែក៏មានការសោកស្តាយផងដែរ ដែលបានឃើញបងប្អូនត្រូវភៀសខ្លួន ចាកចេញពីផ្ទះសម្បែង បោះបង់ទីលំនៅ និងការងារបង្កបង្កើនផល ដោយសារតែការរំលោភបំពាន ក្នុងការឈ្លានពានពីប្រទេសថៃ ។
ស្ថានភាពនេះបានធ្វើឲ្យបងប្អូនជួបការលំបាកទាំងផ្នែកជីវភាព និងស្មារតី ។ ប៉ុន្តែទោះជាយ៉ាងណា ក្នុងស្មារតីខ្មែរជួយខ្មែរ សូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងសាមគ្គីគ្នា ដូចចង្កឹះមួយបាច់ទើបសត្រូវមិនអាចកាច់បាក់ ។ លោកជំទាវបានលើកឡើងថា សូមបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ម៉្យាងទៀត ប្រជាជនយើងទាំងអស់នឹងខិតខំតស៊ូ ក្នុងគ្រាលំបាកនេះ ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ពជួរមុខទាំងអស់ ហើយយើងជាទ័ពជួរក្រោយ ក៏លះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ ដើម្បីគាំទ្រវីរភាពដ៏អង់អាចរបស់វីរកងទ័ព និងប្រជាជនយើងដូចគ្នា។ ក្នុងនោះដែរលោកជំទាវ និង កញ្ញា ក៏បានយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនស្រ្តីមានផ្ទៃពោះ និង ស្ត្រី ទើបសម្រាលកូន កុមារតូចៗ ព្រមទាំងគ្រួសារកងទ័ព និង ជនពិការ ចាស់ជរាផងដែរ ៕






































