សៀមរាប: រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និង សម្ភារៈសិក្សា ម៉ាស់ការពារ ចំនួន ១២មុខ ក្នុងទឹកប្រាក់ ២៣ពាន់៨៤៥ដុល្លា ពីសមាគមន៍អភិវឌ្ឍន៍ ពាណិជ្ជកម្មជើជាំងនៅកម្ពុជា ដើមី្បយកទៅផ្តល់ជូនដល់បងប្អូនវីរកងទ័ពជួរមុខ និង គ្រួសារកងទ័ព ប្រជាពលរដ្ឋភៀសសឹក ដែលបានមកស្នាក់នៅបណ្តោះអាសន្ត តាមមណ្ឌលសុវត្ថិភាព
ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាលា ខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម្ភ ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ។
តាមការបញ្ជាក់របស់តំណាងសមាគមអភិវឌ្ឍន៍ ពាណិជ្ជកម្មជើជាំងនៅកម្ពុជា បានឲ្យដឹងថា គ្រឿងឧបភោគបរិភោគទាំងនេះ ជាការចូលរួមលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជាជួរមុខ ដែលបានកំពុងតតាំងប្រយុទ្ធជាមួយសត្រូវឈ្លានពាន ការពារបូរណភាពទឹកដីមាតុភូមិយើង និង ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តសៀមរាប ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃដល់បងប្អូនគ្រួសារភៀសសឹក ដែលបានកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ។
លោក ង៉ូវ សេងកាក់ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមអភិវឌ្ឍន៍ ពាណិជ្ជកម្មជើជាំង នៅកម្ពុជា រួមនឹងសប្បុរសជនទាំងអស់ ដែលបានចូលរួមចែករំលែកនូវធនធានទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋភៀសសឹក ដែលបាននិងកំពុងភៀសខ្លួនចេញពីផ្ទះសម្បែងបានមកស្នាក់នៅទីកន្លែងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។
លោកអភិបាលរងខេត្ត បានបន្តទៀតថា ពិតណាស់ កាយវិការ សកម្មភាពទាំងនេះពីសំណាក់សប្បុរសជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស គឺជាវប្បធម៌ប្រពៃណី ចែករំលែក ដែលវាពិតជាបានបង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រឡាញ់ខ្មែរ។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងទទួលអំណោយគ្រប់ប្រភេទពីសប្បុរសជនគ្រប់មជ្ឈដ្ឋានតាមបណ្តាលក្រុង ស្រុក ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាន នឹងកំពុងខិតខំតស៊ូការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ដោយស្មារតីស្នេហាជាតិមាតុភូមិ និង យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់ មណ្ឌលសុវត្ថិភាពនានាក្នុងខេត្ត ដែលមកពីតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងរងគ្រោះដោយការឈ្លានពានពីសំណាក់កងទ័ពថៃ។
សូមគូសបញ្ជាក់ថា ក្រុមការងារនៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត បានរង់ចាំទទួលអំណោយពីបងប្អូនសប្បុរសជន រៀងរាល់ថ្ងៃ ដែលមានទីតាំងនៅសាលាខេត្តសៀមរាប និង សួនច្បារព្រះរាជដំណាក់៕






































