(ខេត្តកំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំកងកម្លាំងចម្រុះ ដែលមានថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្នុងវិធានការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើស
ការកាប់ទន្ទ្រានព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
លោក ណុប ឆៃយ៉ា អនុប្រធានមន្ទីរបរិស្ថានខេត្ត និងជាប្រធានទីបញ្ជាការស្រាបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរឃ្មង ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ បានឡើងរាយការណ៍ អំពីស្ថានភាពការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ដែលកន្លែងមួយចំនួនត្រូវរងការកាប់ទន្ទ្រានពីជនល្មើស ស្ថិតនៅក្នុងតំបន់អូដូង និងតំបន់អូកង់ ដែលមានព្រំប្រទល់ជាប់ខេត្តក្រចេះ ។ ហើយតំបន់នេះ កងកម្លាំងចម្រុះធ្លាប់បានចាប់ឃាត់ខ្លួនជនល្មើសកាប់ទន្ទ្រានព្រៃឈើ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសរួចមកហើយ។ ជាមួយនោះដែរ លោក គង់ វ៉ាន់ មន្ត្រីឧទ្យានុរៈនៃមន្ទីរបរិស្ថានខេត្ត ក៏បានបញ្ជាក់ជូនអំពីស្ថានភាពនៃការគ្រប់គ្រង និងការត្រូវរៀបចំកែសម្រួលទីតាំងឈរជើងរបស់ទីបញ្ជាការស្រាល ដើម្បីការពារតំបន់ព្រៃឡង់នេះឲ្យបានផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃអំណរគុណ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចការពារធនធានធម្មជាតិ ពិសេសការការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ នាពេលកន្លងទៅ ទោះបីជាមានការខូចខាតខ្លះនៅកន្លែងមួយចំនួន ប៉ុន្តែជារួមកងកម្លាំងចម្រុះរបស់យើងគ្រប់គ្រងថែរក្សាបាន តំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់កងកម្លាំងចម្រុះ ត្រូវធ្វើការកែសម្រួល និងបង្កើនបន្ថែមទីតាំងឈរជើងថ្មីមួយកន្លែងទៀត នៅតំបន់អូដូង ជាប់ព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តក្រចេះ ដើម្បីធានាប្រសិទ្ធភាព ក្នុងការធ្វើសកម្មភាព និងការពារ ទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ជាថ្មីទៀតបានជាដាច់ខាត ។ និងបានសំណូមពរដល់សមត្ថកិច្ចជំនាញ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការរៀបចំដីការដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រាននាពេលកន្លងទៅដាក់ជាសម្បត្តិរដ្ឋ និងបន្តស្រាវជ្រាវរកមុខសញ្ញាជនល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត។ ដោយឡែកកងកម្លាំងចម្រុះ ដែលត្រូវបានកែសម្រួលទៅឈរជើងនៅទីតាំងថ្មី ត្រូវធ្វើសកម្មភាពឲ្យបានជាប់ជាប្រចាំ ដើម្បីឃ្លាំចាំមើល និងចាប់ឃាត់ខ្លួន ជនប្រព្រឹត្តបទល្មើសជាក់ស្ដែងក្នុងការកាប់ទន្ទ្រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដើម្បីបញ្ជូនទៅកាន់តុលាការអនុវត្តតាមវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូន នូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងប្រងឥន្ធនៈមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ ដើម្បីដោះស្រាយកិច្ចការធានាជីវភាពប្រចាំថ្ងៃ ក្នុងការធ្វើសកម្មភាពឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ អត្ថបទតំបន់សុខរងកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី






































