ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងក្នុងពិធីខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី ១២ ឧសភា ២០២៦ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦
ស្ដីពីវិធានការពង្រឹងប្រៀបការពារជាតិ និងការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងភារកិច្ចការពារបូរណភាពទឹកដី និងការដឹកនាំបញ្ជាព្រមទាំងការធានាផ្សេងៗ បម្រើឱ្យជីវភាពរស់នៅ និងសុខមាលភាពរបស់កងយោធពលខេមរភូមិន្ទ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីសភាពការណ៍វិវត្តន៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមយន្តការដែលមានស្រាប់ ដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលមានជាធរមាន។ ជាមួយនោះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី នៅគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំសម្របសម្រួល ដោះស្រាយ បញ្ហាជីវភាព ការស្នាក់នៅ និងការបម្រេីសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមព្រំដែនកម្ពុជា ថៃ ដែលរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានពីពួកទាហានសៀម ។ ហើយរាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ការកំណត់ខ្សែបន្ទាត់ព្រំដែនដោយការប្រើប្រាស់កម្លាំងយោធាជាដាច់ខាត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយអនុសាសន៍សំខាន់ៗ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកសាងប្រៀបការពារជាតិ ។ ការអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា ការកំណែទម្រង់កងយោពលខេមរភូមិន្ទ ក្នុងនោះ ការអនុវត្តនូវវិធានការបង្រួមក្បាល ពង្រីកដងខ្លួន ធ្វើយ៉ាងណាឱ្យកងយោធពលខេមរភូមិន្ទ មានកម្លាំងគ្រប់គ្រាន់ក្នុងភារកិច្ចការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយនៅក្នុងឱកាសនេះផងដែរ សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការរៀបចំកែទម្រង់ការដឹកនាំបញ្ជា និងកិច្ចការធានាលេីគ្រប់វិស័យ ក្នុងការដោះស្រាយជីវភាពកងទ័ពដោយស្នើសុំឲ្យក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុ សិក្សាឡើងវិញការរៀបចំបើកប្រាក់បៀវត្សជូនយោធិនតាមប្រព័ន្ធធនាគារ ។ ការរៀបចំវិស័យសុខាភិបាល ដែលត្រូវពង្រឹងបន្ថែមសមត្ថភាពវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យ និងជំរុញដល់ស្ថាប័នពាក់ព័ន្ធក្នុងការផ្តល់ថ្នាំពេទ្យ ឧបករណ៍បរិក្ខាពេទ្យ គ្រប់គ្រាន់ ដើម្បីតាមមន្ទីរពេទ្យ និងគិលានដ្ឋាននានារបស់កងទ័ព អាចព្យាបាលកងទ័ព និងប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងបោះទ័ពបាន ទៀតផង។
នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសគាំទ្រពេញទំហឹងនូវអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងធនធានមនុស្ស ការកំណែទម្រង់រចនាសម្ព័ន្ធចាត់តាំង ដើម្បីពង្រឹងប្រៀបការពារជាតិរបស់យើង ឲ្យបានរឹងមាំ និងប្ដេជ្ញាចិត្តអនុវត្តតាមអនុសាសន៍របស់សម្តេចឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។






































