ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង លោក ជា សុជាតិ ជាប្រធានរតនាគារខេត្តថ្មី ជំនួសប្រធានចាស់ លោក អ៊ាង វណ្ណថា ដែលត្រូវចូលនិវត្តន៍ ក្នុងគោលដៅបន្តជំរុញប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងពង្រឹងតម្លាភាពនៅមូលដ្ឋាន។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក វ៉ាន់ ពុទ្ធិពល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរតនាគារខេត្តទាំងអស់ ជាពិសេសប្រធានរតនាគារចាស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការការងាររបស់រដ្ឋបាលខេត្ត ឱ្យប្រព្រឹត្តទៅដោយរលូន។
ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់ លោក ជា សុជាតិ ប្រធានមន្ទីររតនាគារខេត្តថ្មី ដោយត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានរឹងមាំ ,ត្រូវបង្កើនកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ,ត្រូវធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ថវិកាជាតិមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។
លោក វ៉ាន់ ពុទ្ធិពល ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរតនាគារខេត្តទាំងអស់ បន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែស៊ីជម្រៅ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាសាធារណៈ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕






































