ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋ បួងសួងសុំសេចក្តីសុខ សន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា

0

កំពង់ចាម: ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានអញ្ជើញចូលរួមជាមួយព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ១០០០អង្គ/ នាក់ បានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ពិធីនេះត្រូវ បានធ្វើឡើងនារល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តខេមវ័នបឹងស្ទាយ ស្ថិតក្នុងសង្កាត់ សំបួរមាស ក្រុងកំពង់ចាម ។

បេីតាមព្រះចៅអធិការវត្តខេមវ័ន បឹងស្វាយ ព្រះនាម ធម្មសាលវង្ស សា វីរៈ មានសង្ឃដីការថា គោលបំណងនៃការជួបជុំគ្នានាឱកាសនេះ គឺដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និង ស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុង ប្រឈម នឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារ សន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា។

ព្រះអង្គមានសង្ឃដីការ ទៀតថា ការនិមន្ត/ចូលរួមបួងសួងសុំសុខសន្តិភាពសម្រាប់ ព្រះរាជាណាចក្រកម្ពុជា បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការរួបរួម និងការឯកភាពរបស់ ប្រជាជនខ្មែរ ក្នុងការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល បងៗកងទ័ព ព្រមទាំងការឈរលើឆន្ទៈ រួមក្នុងការបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា និងការស្តារឡើងវិញនូវជំនឿទុកចិត្តរវាង ប្រជាជនប្រទេសទាំងពីរ តាមគោលការណ៍អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា។

ការបួងសួងសុំសេចក្តីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់មហាជនខ្មែរ ត្រូវបាន មើលឃើញថា ជាសារនយោបាយ និងមនុស្សធម៌ដ៏ច្បាស់លាស់របស់កម្ពុជា ទៅកាន់សហគមន៍ អន្តរជាតិថា កម្ពុជាចង់បានសន្តិភាព កម្ពុជាត្រូវការសន្តិភាព ហើយកម្ពុជាពិតជាមានចេតនា ស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើកិច្ច សន្ទនា ការទូត និងច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាព សង្គម និងធានាអនាគតជាតិប្រកបដោយសុខសាន្ត ដែលជាមូលដ្ឋាននៃការអភិវឌ្ឍយូរអង្វែងផង ដែរ ៕