ខេត្តស្វាយរៀង៖រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងប្រតិភូថ្នាក់ដឹកនាំក្រសួងការពារជាតិ និងស្ថាប័នជាតិនានាជាច្រេីនរូបទៀតនិង
ឯកឧត្តម ម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បាន
អញ្ជេីញដឹកនាំប្រតិភូខេត្តគោរពវិញ្ញាណខន្ធសពលោកវរសេនីយ៍ត្រី ម៉ៅ កុសល្យ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីនៅសមភូមិមុខ ជាមួយសត្រូវសៀម ឈ្លានពានទឹកដីនៅទិសបឹងត្រកួន ខេត្តបន្ទាយមានជ័យក្នុងជន្មាយុ ៤២ឆ្នាំ ពិធីបុណ្យបានប្រារព្ធធ្វេីនៅគេហដ្ឋាន ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងភាពសោកស្តាយស្រណោះអាល័យ នៃមរណភាពរបស់លោកវរសេនីយ៍ត្រី ម៉ៅ កុសល្យ គឺជាការបាត់បង់នូវឧត្តមស្វាមី និងឪពុក ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ក្នុងមួយជីវិតរបស់លោក បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ ព្រមទាំងក្រុមគ្រួសារប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់នូវវីរៈយុទ្ធជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ ទន្ទឹមនេះ លោកក៏បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយសត្រូវឈ្លានពាន ហេីយបានបង្ហាញគំរូវីរភាព និងការលះបង់របស់វីរៈកងទ័ពយេីងទាំងអស់នៅលេីសមរភូមិប្រយុទ្ធ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះមិនអាចបំភ្លេចបានឡេីយ។
ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក្នុងនាមប្រជាជាតិខ្មែរ នឹងចងចាំនូវគំរូវីរភាព និងមនសិការស្នេហាជាតិដ៏ឧត្តុងឧត្តមរបស់លោកវរសេនីយ៍ត្រី និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារ និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី ម៉ៅ កុសល្យ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕គឹមសេង






































