ស្នងការនគបាលខេត្តកំពង់ធំ៖ ការងារសប្បុរសធម៌ត្រូវធ្វើឱ្យដូចភ្លៀងរលឹម ដល់លំនៅឋានជនចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

0

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានលើកឡើងថា ការងារសប្បុរសធម៌ត្រូវធ្វើឱ្យដូចភ្លៀងរលឹម ដល់លំនៅឋានជនចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងឱកាសដែលលោកដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។

ក្នុងឱ្យកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ថ្លែងថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវិតខ្វះខាត ជាបន្តបន្ទាប់ ជាពិសេសនាពេលថ្មីៗនេះ លោកបានចុះអន្តរាគមន៍ នាំយកស្បៀងអាហារ សម្ភារប្រើប្រាស់ ប្រគល់ជូនបងប្អូនជនភៀសសឹក ដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយសារការឈ្លានពានពីកងទ័ពចោសៀម មកលើបូរណភាពទឹកដី ប្រទេសកម្ពុជា យើង។

លោកឧត្តមសេនីយ៍ទោ បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ នាឱកាសនេះ ជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ សុខុមាលភាព និងការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ របស់បងប្អូន ផងដែរ ។

បន្ទាប់មក លោកឧត្តមសេនីយ៍ទោស្នងការ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ÷១-សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់ នឹងត្រូវជឿជាក់ លើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា-ថៃ ។ ២-ត្រូវជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះវីរកងទ័ពខ្មែរយើង ដែលកំពុងឈរជើង ការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ ៣-បន្តរក្សា កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរប្រឆាំងដាច់ខាតរាល់ឧបាយល្បិចកល របស់ក្រុមជ្រុលនិយមមួយចំនួន ដែលតែងតែបង្កចលាចល បំផ្លាញសន្តិសុខជាតិ ការពារ ដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និងការពារដាច់ខាត់រាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីការបោះឆ្នោត ។ ៤-ដោយសារបញ្ហាអាកាសធាតុ មានការប្រែប្រួល សូមបងប្អូនថែទាំ សុខភាព តាមរយៈការរស់នៅស្អាត បរិភោគស្អាត និងមានអនាម័យជាប្រចាំថ្ងៃ ។៥-សូមបងប្អូនបន្តប្រឹងប្រែងប្រកបមុខរបរជាប្រចាំថ្ងៃ ដូចជាការបង្ករបង្កើនផល ដាំដំណាំ បន្លែផ្លែឈើ ចិញ្ចឹមសត្វ តាមគ្រួសារនីមួយៗ គឺជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង ។

ជាកិច្ចចុងក្រោយ លោកស្នងការ បានប្រគល់គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ នៅឃុំ នីពេជ និងឃុំត្បែង ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ២៥គីឡូក្រាម មីជាតិ០១ កេស ទឹកបរិសុទ្ធ០១កេស ទឹកត្រី០១ យួរ និងថវិកា៥០,០០០រៀល៕