អភិបាលស្រុកស្ទោង បានលើកទឹកចិត្តអាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលបានធ្វើជូន

0

កំពង់ធំ÷ អភិបាលស្រុកស្ទោង បានលើកទឹកចិត្តអាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលបានធ្វើជូន លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកនិងសហការី ព្រមទាំងជំនាញបច្ចេកទេសរដ្ឋបាលខេត្តកំពង់ធំ បានចុះពិនិត្យវាយតម្លៃគម្រោងមូលនិធិឃុំរុងរឿងឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦។

ទន្ទឹមនឹងនេះលោកបានឱ្យអាជ្ញាធរឃុំរុងរឿង និងប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវបេតុងថ្មីនេះ ត្រូវនាំគ្នាបើកផ្លូវនេះឱ្យបានធំទូលាយថែមទៀត ដើម្បីសោភ័ណភាព សុវត្ថិភាព និងធានានូវគុណភាពផ្លូវដែលអាចប្រើប្រាស់បានយូរអង្វែងជាពិសេស ត្រូវចូលរួមដាំដើមឈើឱ្យបានគ្រប់ៗគ្នា និងគ្រប់គេហដ្ឋានដែលលោកនឹងដឹកនាំដាំកូនឈើអមសងខាងផ្លូវនេះបន្ថែមទៀត ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង បានកោតសរសើរខ្ពស់ដល់ក្រុមហ៊ុនដែលជាអ្នកទទួលការសាងសង់ផ្លូវនេះបានប្រកបដោយបទដ្ឋានបច្ចេកទេសកិច្ចសន្យា ហើយត្រូវបំពេញបន្ថែមនៅចំណុចខ្វះខាតមួយចំនួនឱ្យបានត្រឹមត្រូវថែមទៀត។

សូមបញ្ជាក់ថា ការពិនិត្យវាយតម្លៃសម្រេចផ្លូវនៅក្នុងឱកាសនេះជាផ្លូវបេតុងប្រវែងជិតមួយគីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិបទុមលិច ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ មានកម្រាស់០,១៥ម៉ែត្រ ជាថវិកាមូលនិធិឃុំឆ្នាំ២០២៥៕