កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសាខាសមាគមនារីកម្ពុជាខេត្ត ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពខ្លួន ទាំងជំនាញបច្ចេកទេស និងឌីជីថល ដើម្បីជាប្រយោជន៍ និងឆ្លើយតបនឹងសេចក្តីតម្រូវការរបស់ ប្រជាពលរដ្ឋ ពិសេសស្ត្រី និងក្មេងស្រី ។
ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់សាខាសមាគម នារី ខេត្ត ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយ ការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវសម្រាប់សាខា អនុសាខាសមាគម នារីទូទាំង ខេត្ត ឱ្យកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃ សេដ្ឋកិច្ច និងសង្គមជាតិរបស់ យើងទាំងអស់គ្នា» ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យបន្តពង្រឹង និងថែរក្សានូវស្មារតីសាមគ្គីភាព ឯកភាពគ្នា ខាងទស្សនៈគោលជំហរ នយោបាយសតិអារម្មណ៍ ចាត់តាំងឱ្យកាន់តែរឹងមាំ ជាពិសេសត្រូវរួមគ្នាបំផុសស្មារតីគាំទ្រនូវគោលការណ៍ច្បាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ បំប៉ោងសភាពការណ៍ ដែល ប៉ុនប៉ងបង្កចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សង្គម ។
គួរបញ្ជាក់ថា នៅចុងកម្មវិធីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំសាខា សមាគមនារីកម្ពុជា ក៏បានអញ្ជើញចែកអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាក ក្នុងក្រុង កំពង់ចាម ចំនួន៧០គ្រួសារ ដែលជា ជនមានពិការភាព កុមារកំព្រារ ស្ត្រីមេម៉ាយ និងចាសជរា ផង ដែរ ៕





































