ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង
ដែលជាខ្នងទី២៤ ក្នុងស្រុកសន្ទុក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសាអតីតយុទ្ធជនពលី មានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
លោកយាយ ម៉ម យិន មានអាយុ៧៤ឆ្នាំ មានកូននិងចៅនៅក្នុង បន្ទុកចំនួន០៥នាក់ បានរៀបរាប់ថា៖ ប្ដីរបស់គាត់ឈ្មោះ រ័ត្ន ថុន កើតនៅឆ្នាំ១៩៥៣ ធ្លាប់បានចូលបម្រើការជាប្រធានសេនាជនស្រុកសន្ទុក ក្រោយមកបានចូលរួមបម្រើក្នុងជួរកងទ័ពនៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ មានឋានន្តរសក្ដិពលបាលទោ ហើយបានត្រូវបានពលីនៅឆ្នាំ១៩៨៩ ដោយប្រយុទ្ធជាមួយខ្មាំង ក្នុងសមរភូមិពាមអញ្ចាញ ស្ថិតក្នុងឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុកសន្ទុក ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២៤ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀង អាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកយាយ ម៉ម យិន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ៕




































