(ខេត្តសៀមរាប)៖ ផ្ទះអាជីវករជាច្រើនល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីពាក់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលោកតាណើយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប។
តាមរបាយការណ៍បឋមពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ហេតុការណ៍នេះបានចាប់ផ្ដើមឡើងនៅវេលាម៉ោង ១១:៣០ នាទីយប់ នៅចំណុចក្បែរស្ដុប ៧ មករា ចម្ងាយប្រមាណ ៤០ ម៉ែត្រ (ជាប់របងសាលាកុមារសុវណ្ណភូមិ)។ ភ្លាមៗនោះ កម្លាំងពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ដោយប្រើប្រាស់រថយន្តទឹកជាច្រើនគ្រឿង ដើម្បីទប់ទល់នឹងអណ្ដាតភ្លើងដែលកំពុងឆាបឆេះយ៉ាងខ្លាំងក្លា។
ប្រតិបត្តិការបាញ់ពន្លត់បានបន្តរហូតដល់ម៉ោង ១:៤៩ នាទីរំលងអាធ្រាត្រ ទើបសមត្ថកិច្ចអាចគ្រប់គ្រងស្ថានភាពបានទាំងស្រុង។ ទោះជាយ៉ាងណា ក្នុងគ្រោះអគ្គិភ័យដ៏រន្ធត់នេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាតទ្រព្យសម្បត្តិ ក៏ដូចជាមូលហេតុដែលបង្កឱ្យមានការឆាបឆេះនៅឡើយទេ ដោយកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវបន្ត។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើការពិនិត្យកន្លែងកើតហេតុ ដើម្បីវាយតម្លៃការខូចខាត និងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះមហន្តរាយនេះ៕ដោយប៊ុនរដ្ឋា



































