ស្នងការនគរបាលខេត្តកំពង់ធំ នាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃ ចំនួនពីរវត្ត ក្នុងឱកាសពិធីបុណ្យមាឃបូជា

0

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងនាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃ ស្ថិតនៅវត្ត ឥន្ទ្រីយ៍សំវរ: ហៅវត្តកំពង់ធំ ក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ និងវត្តមុន្នីរង្សី ហៅវត្ដថ្មី ក្នុងភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីចូលរួមពិធីបុណ្យមាឃបូជា ដែលប្រព្រឹត្តទៅនៅថ្ងៃ ចន្ទ-អង្គារ៍ ១៥កើត-១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២-៣ ខែ កុម្ភៈ ឆ្នាំ២០២៦ នេះ ។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បាន បូជាផ្កាភ្ញី ទានធូប  ជូនចំពោះព្រះរតនត្រ័យ និងសូត្រមន្ត សមាទានសីល ឧទិ្ទសមហាកុសល ផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ញាតិមិត្តទាំងប្រាំពីរសណ្ដាន និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរកងទ័ព ដែលបានពលីជីវិត ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុការពារទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ សូមបានសោយសុខនៅឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងទទួលបាននូវមគ្គផលគ្រប់ៗ គ្នា ។

លោកឧត្តមសេនីយ៍ ស្នងការ បានបួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក  ទេវតារក្សាសព្វទីឋាន ប្រោសព្រំ ប្រសិទ្ធិពរជ័យ សិរីមង្គល សេចក្តីសុខ សេចក្តីចម្រើន ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាន សុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឆ្លៀសវៃ ជៀសផុត ពីជម្ងឺកាចសាហាវនានា ដើម្បីបន្ត ចូលរួមកសាងអភិវឌ្ឈ ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចំរើន សម្បូរសប្បាយបន្ថែមទៀត ។

លោកស្នងការ និងលោកស្រី  បានប្រគេនបច្ច័យ ទ័យឲ្យទានវត្ថុ ជូនចំពោះព្រះសង្ឃ ដើម្បីឧបត្ថម្ភគាំទ្រ វិស័យព្រះពុទ្ធសាសនា ព្រមទាំងចូលរួមកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាម ឱ្យមានភាពរីកចម្រើនបន្ថែមទៀត ៕