ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាំដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាពត្រូវអប់រំយោធិនគ្រប់រូប ត្រៀមខ្លួនជានិច្ចក្នុងការការពារបូរណភាពទឹកដី និងបន្តបបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នំា ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ យ៉ាងច្រើនកុះករផងដែរ ។

មុនដំណេីរការកម្មវិធី សមាជិក សមាជិការ នៃអង្គប្រជុំ បានស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធ វិរយុទ្ធជនកម្ពុជា ដែលបានពលីជីវិតដេីម្បីបុព្វហេតុការពារបូណភាពទឹកដី នៅតាមព្រំដែនកម្ពុជា-ថៃ ហើយបន្ទាប់មកលោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ បានឡើងធ្វើរបាយការណ៍ស្ដីពីការងារយោធាសន្តិសុខដែលសម្រេចបាន ក្នុងខែមករាកន្លងទៅ ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗនៃលទ្ធផលដែលធ្វើបាន ចំណុចខ្លាំង ចំណុចខ្វះខាត ព្រមទាំងសេចក្តីព្រាងទិសដៅដែលត្រូវអនុវត្តបន្តផងដែរ ។

បន្ទាប់ពីថ្នាក់ដឹកនាំ និងមេបញ្ជាការតាមបណ្ដាកងឯកភាពមួយចំនួន បានឡើងពិភាក្សា និងធ្វើបទអន្តរាគមន៍រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។ ជាមួយនោះដែរ ក៏បានថ្លែងនូវការកោតសរសើរ នូវវីរភាពដ៏អង់អាចក្លាហាន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឺករងកំពង់ធំ ដែលបានទៅបំពេញភារកិច្ចក្នុងការការពារបូរណភាពទឹកដី នាពេលថ្មីៗនេះ នៅទិសព្រំដែនកម្ពុជា-ថៃ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះទាំងអស់ ត្រូវអប់រំណែនាំដល់យោធិនគ្រប់រូបនៅក្រោមឱវាទ ត្រូវត្រៀមខ្លួនជានិច្ចក្នុងភារកិច្ចការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហានសៀម និងត្រូវចូលរួមយ៉ាងសកម្មក្នុងការការពារគ្រប់គ្រង ទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាព ៕