រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជំរុញឱ្យមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ យកចិត្តទុកដាក់ ខ្ពស់លើការងារសំខាន់ៗ ដែលជាអាទិភាពបំផុតចំនួន ៦ចំណុច

0

(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជំរុញឱ្យមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ យកចិត្តទុកដាក់ ខ្ពស់លើការងារសំខាន់ៗ ដែលជាអាទិភាពបំផុតចំនួន ៦ចំណុច ។

ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំឆ្នាំសិក្សា ២០២៤- ២០២៥ និងលើកទិសដៅការងារ ឆ្នាំសិក្សា ២០២៥- ២០២៦ នៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រតការ ហ៊ុន សែន ខេត្តកំពង់ធំ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ។

ក្នុងកម្មវិធីនោះក៏មានការអញ្ចើញចូលរួមពី ឯកឧត្តម លី វ៉េត អភិបាលរងខេត្តកំពង់ធំ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក តំណាងអង្គការដៃគូអភិវឌ្ឍវិស័យអប់រំ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង-ស្រុក លោកនាយក នាយិកា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ ជាច្រើនអ្នកផងដែរ។

ជាមួយគ្នានោះ លោក តាន់ ប៊ុនហុង បានធ្វើរបាយការពីវឌ្ឍនភាពសំខាន់ៗជាច្រើនទៀត ដូចជា ការរៀបចំ និងបង្កើត ឱ្យមានក្រុមប្រឹក្សាកុមារ និងយុវជន យុវជនកាកបាតក្រហមកម្ពុជា យុវជនកាយរិទ្ធជាតិកម្ពុជា ក្រុមភ្លេងយុវជនកាយឬទ្ធិជាតិកម្ពុជា ដើម្បីចូលរួមបម្រើដល់ការងារសង្គម។ បានពង្រឹង លើការងារអប់រំ ក្រៅប្រព័ន្ធ តាមរយៈការអនុវត្តកម្មវិធីថ្នាក់ចូលរៀនឡើងវិញ កម្មវិធីសមមូលបឋមសិក្សា កម្មវិធី អក្ខរកម្ម កម្មវិធីបង្កើនប្រាក់ចំណូល កម្មវិធីក្រោយអក្ខរកម្ម និងកម្មវិធីបំពេញវិជ្ជា។

ជាមួយគ្នានេះ លោក បានបន្ថែមថា មន្ទីរ ក៏បានពង្រឹង និងជំរុញលើការងារអប់រំកាយ និងកីឡា ដោយបានរៀបចំ និងចូលរួមក្នុងការប្រកួតកីឡានានា ការរៀបចំឱ្យមានទីលានសម្រាប់លេងកីឡាជាច្រើនប្រភេទ ព្រមទាំង ផ្សព្វផ្សាយ និងលើកទឹកចិត្ត ដល់មហាជនឱ្យចូលរួមលេងកីឡា និងហាត់ប្រាណដើម្បីសុខភាព ស្របតាមពាក្យស្លោក« ប្រជាជនម្នាក់ លេងកីឡាឱ្យបានមួយប្រភេទកីឡា» ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជួន ជីវិន បានកោតសរសើរដោយស្មោះចំពោះ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បុគ្គលិកអប់រំ
លោកគ្រូ អ្នកគ្រូទូទាំងខេត្តកំពង់ធំ អាជ្ញាធរដែនដី អង្គការដៃគូអភិវឌ្ឍ សប្បុរសជននានា អាណាព្យាបាលសិស្ស ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយនឹង វិស័យអប់រំ ដោយបានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ក្នុងការខិតខំអនុវត្តន៍នូវទិសដៅ និងផែនការសកម្មភា សម្រាប់វិស័យអប់រំ យុវជន និងកីឡា ព្រមទាំងបានចូលរួមពុះពារ នូវគ្រប់ឧបសគ្គទាំងឡាយ នៃការអនុវត្តគោលនយោបាយអប់រំ និងកំណែទម្រង់វិស័យអប់រំ ជាអាទិភាព ក្នុងឆ្នាំសិក្សាកន្លងមក ទទួលបានជោគជ័យ គួរជាទីមោទនៈ។

ឯកឧត្តម បានបន្តថា ដើម្បីឱ្យវិស័យអប់រំកាន់តែខ្លាំងក្លាថែមទៀត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើការងារសំខាន់ៗ ដែលជាអាទិភាពបំផុតចំនួន ៦ចំណុច រួមមាន ៖
ទី១- ការប្រមូលកុមារដល់អាយុសិក្សា ឱ្យបានចូលរៀនគ្រប់ៗគ្នា ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព ដែលមានលក្ខណៈជាកុមារមេត្រី និងការអប់រំ បញ្ចូលគ្នា ធានាថា កុមារទាំងអស់ត្រូវតែបានឆ្លងកាត់មត្តេយ្យសិក្សា មុនចូលរៀនថ្នាក់ទី១ ទោះបីជានៅតំបន់ជួបការលំបាកដាច់ស្រយាលក៏ដោយ។ ពេលបញ្ចប់ការសិក្សា នៅកម្រិតបឋមភូមិ និងទុតិយភូមិត្រូវមានការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជ ជីវៈ បំណិនជីវិត បំណិនសតវត្សទី២១ ទាំងផ្នែកជំនាញទន់ និងជំនាញបច្ចេកទេស (Soft Skill និងHard Skill)ការអប់រំឧត្តមសិក្សា និងមធ្យោបាយសិក្សាផ្សេងទៀត ។ ទី២- ធានាឱ្យបានការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ត្រូវធ្វើដំណើរទន្ទឹមគ្នា ដោយរលូន ដើម្បីសម្រេចផែនការជាតិអប់រំ សម្រាប់ទាំងអស់គ្នា និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ក្នុងការលុបបំបាត់ទាំងស្រុងនូវអនក្ខរភាព ។ ទី៣- ការកែលម្អ និងកំណែទម្រង់កាន់តែស៊ីជម្រៅ ត្រូវធានាភាពស័ក្តិសិទ្ធិ នៃភាពជា អ្នកដឹកនាំ និងគ្រប់គ្រង របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ តាមរយៈការផ្តល់សេវា អប់រំ ប្រកបដោយភាពស័ក្ដិសិទ្ធិ និងភាពទន់ភ្លន់ ។
ទី៤- ត្រូវខិតខំកែលម្អបរិស្ថានសាលារៀន ឱ្យក្លាយទៅជាសាលាបៃតង ជាទីមេត្រី សម្រាប់សិស្សានុសិស្ស ដូចពាក្យស្លោកមួយឃ្លាបានពោលថា « សាលារៀនស្អាត ភូមិ ឃុំ គ្មានសំរាម »។ ទី៥- ត្រូវយកចិត្តទុកដាក់លើ ការងារយុវជនទាំងក្នុង និងក្រៅសាលារៀន ដោយផ្តល់ ឱកាសឱ្យយុវជនបានចូលរួម គ្រប់សកម្មភាពសង្គម ពិសេសលើកកម្ពស់ក្រុម ប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា នៅតាមសាលារៀនឱ្យមាន សកម្មភាព និងដំណើរការល្អ ។ ទី៦- ត្រូវខិតខំយកចិត្តទុកដាក់ អំពីសុខភាពអនាម័យ របស់សិស្ស ដោយត្រួតពិនិត្យ ជាប្រចាំលើការលក់ដូរចំណីអាហារ នៅតាមសាលារៀន ឱ្យគោរពតាមគោល ការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត ជួន ជីវិន ក៏បានអំពាវនាវ ដល់បុគ្គលិកអប់រំ គ្រូបង្រៀន អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ ព្រឹទ្ធាចារ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងអង្គការជាតិ អង្គការអន្តរជាតិ សប្បុរសជននានា សូមមេត្តាបន្តចូលរួម ជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុវិស័យអប់រំនេះ មានការរីកចម្រើន និងសម្តែងនូវការជឿជាក់ថា សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទបង្ហាញ និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ឱ្យបានផុលផុស ដើម្បីស្វែងរកចំណុចខ្លាំងយកទៅអនុវត្តន៍នៅមូលដ្ឋានរៀងៗខ្លួន ៕ដោយអ៊ុមញឹប