ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងសំរោង អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល លើកទឹកចិត្ដដល់មន្រ្ដីរាជការ កងកម្លាំងមានសម្ថកិច្ច អាជ្ញាធរមូល
ដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រជាការពារ ក្នុងភូមិសាស្រ្ដក្រុងសំរោង។
ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ទោ ខូវ លី ក៏បានមានមតិសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្ដកោតសរសើរ ដល់មន្រ្ដីរាជការទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាការពារភូមិគ្រប់រូប ដែលតែងតែយកចិត្ដទុកដាក់បំផុត បំរើសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងសំរោងទាំងថ្ងៃយប់បានយ៉ាងល្អ ទោះក្នុងកំឡុងពេលប្រទេសជាតិកំពុងជួបការឈ្លានពានពីចោរសៀមយ៉ាងណាក្ដី។
លោកឧត្ដមសេនីយ៍ ក៏បានឧបត្ថមសំលៀកបំពាក់ដល់បងប្អូនប្រជាការពារភូមិក្នុងក្រុងសំរោង ម្នាក់ ១កំប្លេរ ចំនួន ៤១២នាក់ សរុបជាទឹកប្រាក់ ២៣.០០០.០០០រៀលផងដែរ។
ជាកិច្ចបញ្ចប់ លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានក្រើនរំលឹកដល់មន្រ្ដីរាជការមូលដ្ឋាន កងកម្លាំងទាំងបី និងប្រជាការពារភូមិគ្រប់រូប ត្រូវយកចិត្ដទុកដាក់ និងចាប់ដៃគ្នាជាធ្លុងមួយ រួបរួមគ្នាកំចាត់អំពើរអបាយមុខផ្សេងក្នុងមូលដ្ឋាន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងមានទំនុកចិត្ដលើរាជរដ្ឋាភិបាល៕ដោយ៖ភ្នំដងរ៉ែក






































