ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានដាក់បទបញ្ជាឱ្យកម្លាំងក្រោមឱវាទទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ការដាក់បទបញ្ជានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងផ្សព្វផ្សាយបទបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់លើការងារអាទិភាពចំនួន ៣ ធំៗ រួមមាន៖ ១-ការបង្ក្រាបបទល្មើស៖ ត្រូវក្តាប់ឱ្យជាប់ និងបង្ក្រាបឱ្យខានតែបាន នូវរាល់សកម្មភាពឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខក្នុងសង្គម។ ២-ការត្រៀមលក្ខណៈប្រតិបត្តិការ៖ ត្រូវពង្រឹងយន្តការវេនប្រចាំបញ្ជា និងការត្រៀមអន្តរាគមន៍សង្គ្រោះពលរដ្ឋ ក្នុងករណីមានឧបទ្ទវហេតុផ្សេងៗ ដូចជា ខ្យល់កន្ត្រាក់ ឬគ្រោះអគ្គិភ័យជាដើម។ និង ៣-ការកសាងអង្គភាព៖ បណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ត្រូវយកចិត្តទុកដាក់លើការកសាងអង្គភាព និងបង្កបង្កើនផល (ដាំដុះ និងចិញ្ចឹមសត្វ) ដើម្បីលើកកម្ពស់ជីវភាពកងទ័ព។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ព្រមទាំងមន្ត្រីនាយទាហាន និងនាយទាហានរងជាច្រើនរូបទៀតផងដែរ៕






































