រដ្ឋបាលស្រុកស្ទោង សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ធ្វើយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺដល់សត្វពាហន

0

(កំពង់ធំ)៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចូលរួម និងតាមដានការអនុវត្ត យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាគោ-ក្របី ដែលដឹកនាំដោយក្រុមការងារជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នៅ ភូមិបុសតាឯក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

យុទ្ធនាការនេះ មានគោលដៅសំខាន់ក្នុងការកាត់បន្ថយហានិភ័យជំងឺឆ្លងលើសត្វពាហនៈ ពិសេសជំងឺសារទឹក និងអុតក្តាម ដែលអាចប៉ះពាល់ដល់សុខភាពសត្វ បង្កឱ្យខាតបង់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ហើយការចាក់វ៉ាក់សាំងជាប្រចាំ ត្រូវបានចាត់ទុកថា ជាវិធានការបង្ការដែលមានប្រសិទ្ធភាព និងចំណាយតិចជាងការព្យាបាលពេលជំងឺផ្ទុះឡើង។

តាមការរាយការណ៍ ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្តកំពង់ធំ បានចុះចាក់វ៉ាក់សាំងសរុបលើសត្វគោចំនួន១៥០ក្បាល និងក្របីចំនួន ៣ក្បាល ដោយធ្វើការចាក់ជូនម្ចាស់សត្វនៅមូលដ្ឋាន និងបានផ្តល់ការណែនាំអំពីការថែទាំបន្ទាប់ពីចាក់វ៉ាក់សាំង ការរក្សាអនាម័យកន្លែងចិញ្ចឹម និងការប្រុងប្រយ័ត្នចំពោះរោគសញ្ញាសង្ស័យលើសត្វ ដើម្បីរាយការណ៍ឱ្យជំនាញអន្តរាគមន៍ទាន់ពេលវេលា។

ក្នុងឱកាសនេះ លោក សាយ គឹមឡម បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋម្ចាស់សត្វ ចូលរួមសហការជាមួយមន្ត្រីជំនាញឱ្យល្អប្រសើរនិងកុំមើលរំលងការចាក់វ៉ាក់សាំង ព្រោះវាជាវិធានការចាំបាច់ក្នុងការការពារសត្វចិញ្ចឹម និងការពារជីវភាពគ្រួសាររបស់ខ្លួន និងបានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ បន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការបង្ការជំងឺលើសត្វ ដើម្បីចៀសវាងការខាតបង់ និងទប់ស្កាត់ការរាតត្បាតជំងឺក្នុងសហគមន៍។

យុទ្ធនាការនេះ ត្រូវបានចាត់ទុកថា ជាសកម្មភាពសំខាន់មួយក្នុងការពង្រឹងវិស័យចិញ្ចឹមសត្វនៅស្រុកស្ទោង និងជួយឱ្យប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការបន្តអភិវឌ្ឍកសិកម្ម និងការចិញ្ចឹមសត្វឱ្យកាន់តែរីកចម្រើនទៅមុខ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តការចិញ្ចឹមសត្វឱ្យបានត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់ ដោយត្រូវគ្រប់គ្រងសត្វចិញ្ចឹម កុំលែងដើរពាសវាលពាសកាល ឬលើផ្លូវសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងបណ្តាលម្ចាស់សត្វរងជាប់ទោសទណ្ឌតាមច្បាប់ជាធរមាន៕