លោក អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងជំរុញការដាំដុះរបស់ប្រជាពលរដ្ឋ ដើម្បីធានាបានទាំងទិន្នផល ការលក់ចេញ

0

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរឃុំទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងជំរុញការដាំដុះរបស់ប្រជាពលរដ្ឋ ឱ្យស្របទៅនឹងការផ្តល់សេវាសាធារណៈ និងការគាំទ្របច្ចេកទេសនៅមូលដ្ឋាន ដើម្បីធានាបានទាំងទិន្នផល ការលក់ចេញ និងជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោកអភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក និងសហការី លោក កាំង សុផាន់ណា ប្រធានការិយាល័យកសិកម្មស្រុកស្ទោង លោក គត់ សុភ័ក្ត្រ ប្រធានកម្មវិធីអង្គកាកូដិច បានអញ្ជើញចុះ ពិនិត្យមើលដំណើរការដាំដុះ និងការប្រមូលផល របស់ប្រជាកសិករ នៅក្នុងសហគមន៍កសិកម្ម “សណ្ដាន់សាមគ្គី” ស្ថិតក្នុង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងការចុះពិនិត្យជាក់ស្តែងនេះ លោក សាយ គឹមឡម បានសាកសួរសុខទុក្ខ និងស្តាប់ការរាយការណ៍ពីស្ថានភាពការងារដាំដុះ ការប្រមូលផល ការប្រឈមក្នុងការផលិត ក៏ដូចជាតម្លៃទីផ្សារ និងតម្រូវការជាក់ស្តែងរបស់សហគមន៍។ លោកបានបញ្ជាក់ថា ការងារកសិកម្ម គឺជាមូលដ្ឋានសំខាន់សម្រាប់សេដ្ឋកិច្ចគ្រួសារ ហើយអាជ្ញាធរមូលដ្ឋានត្រូវតែចូលរួមគាំទ្រ និងសម្របសម្រួលឱ្យបានជាប់លាប់ មិនមែនត្រឹមតែជំរុញឱ្យការដាំដំណាំប៉ុណ្ណោះទេ តែត្រូវភ្ជាប់ជាមួយ សេវាសាធារណៈ ដូចជា ព័ត៌មានបច្ចេកទេស ការតភ្ជាប់ទីផ្សារ ការគាំទ្រធនធានទឹក ការដឹកជញ្ជូន និងការជួយដោះស្រាយបញ្ហាប្រឈមពេលមានហានិភ័យ។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានណែនាំឱ្យអាជ្ញាធរឃុំ និងក្រុមការងារពាក់ព័ន្ធ បន្តចុះតាមដានជាប្រចាំ ជំរុញការរៀបចំដាំដុះឱ្យបានត្រឹមត្រូវ ស្របតាមរដូវកាល និងតម្រូវការទីផ្សារ ព្រមទាំងធ្វើការសម្របសម្រួលជាមួយជំនាញកសិកម្មនៅថ្នាក់ខេត្ត/ស្រុក ប្រសិនបើមានបញ្ហាបច្ចេកទេស ឬបញ្ហាសត្វល្អិត និងជំងឺដំណាំកើតឡើង ដើម្បីឱ្យមានការអន្តរាគមន៍ទាន់ពេលវេលា។

ប្រជាកសិករ និងសមាជិកសហគមន៍កសិកម្ម “សណ្ដាន់សាមគ្គី” បានសម្តែងការរីករាយ និងថ្លែងអំណរគុណចំពោះលោកអភិបាលស្រុក និងក្រុមការងារ ដែលបានអញ្ជើញចុះមកពិនិត្យផ្ទាល់ សួរសុខទុក្ខ និងផ្តល់ការណែនាំជាក់ស្តែង ដើម្បីជួយលើកទឹកចិត្ត និងជំរុញការងារកសិកម្មឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់៕ អត្ថបទលោក ធូ កែវមុន្នី.ពីនិត្យដោយអ៊ុមញឹប