សៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ព្រមទាំងឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ បាននិមន្តព្រះសង្ឃសូត្រ
មន្ត បង្សុកូលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ដើមី្បអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ។
ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តសៀមរាប បានរៀបចំសូត្រមន្ត បង្សុកូល ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ដល់ព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និង មានការរាប់បាត្រ ត្រៀមទទួលស្វាគមន៍ ការយាងចុះមកថែរក្សាមនុស្សលោករបស់ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាមគោរាក្សសាទេវី ដែលព្រះអង្គជាបុត្រីទី៣ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០ និង៤៨នាទីព្រឹក នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ សូមតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន បងប្អូនវីរៈកងទ័ពជួរមុខ និង ជនរួមជាតិទាំងអស់ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ ។
ក្នុងនោះដែរក៏មានការនិមន្តព្រះសង្ឃ ៥៦អង្គ និងសីលវ័ន្តសីសវតី ធ្វើពិធីរាប់បាត្រ ដើមី្បឧទ្ទិសកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្តវីរៈកងទ័ព មាតាបិតា ជីដូនជីតា ញ្ញាតិកាទាំងប្រាំពីរសណ្តាន បុព្វការីជន និង កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ប្រជាជនដែលបានស្លាប់ដោយភាពអយុត្តិធម៌ ក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ជាកិច្ចបន្ទាប់ ក៏មានការសម្តែងសិល្បៈ របាំត្រុដិ ដើម្បីជម្រុះនូវចង្រៃឧបទ្រព ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គលឆ្នាំថ្មី។
ក្នុងនោះដែរ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ហាត់ការ និង បុគ្គលិកអនាម័យ ថែសួននៅសាលាខេត្ត ឯកឧត្តមទាំងពីរ បានសម្តែងនូវសេចក្តីរីករាយ និង អរគុណ ចំពោះសាមគ្គីភាពជាធ្លុងមួយរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃសាលាខេត្ត ហើយការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារ មន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប ដែលមានការនឿយហត់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិមានសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ លើវិស័យសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរ អំពីការឈ្លានពានទឹកដីកម្ពុជា ពីប្រទេសថៃ ដែលធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ មានទីលំនៅតាមបន្ទាត់ព្រំដែន បានភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង ស្រុក យកចិត្តទុកដាក់ពីជីវភាព និង សុខភាព សុវត្ថិភាពជូនបងប្អូន ព្រមទាំងបានរៀបចំកម្មវិធីចូលឆ្នាំថ្មី នៅតាមមណ្ឌលសុវត្ថិភាពផងដែរ ។ ឯកឧត្តមក៏បានធ្វើការបួងសួង សូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបុរសកុលបុត្រខ្មែរដ៏ឆ្នើម និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី និង សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើន នៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ដែលមានទេវតាព្រះនាម គោរាក្សសាទេវី នឹងយាងចូលមកដល់នៅព្រឹកថ្ងៃអង្គារ ១២រោច ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៤ខែ មេសា ឆ្នាំ២០២៦ សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្តផងដែរ ។
ម៊ីសុខារិទ្ធ សាលាខេត្ត: ឯកឧត្តមក៏បានឲ្យដឹងផងដែរថា រាល់ប្រពៃណីទំនៀមទំលាប់ដែលបងប្អូនខ្មែរខេត្តសៀមរាបយើងគោរពប្រតិបត្តិ តរៀងមក ដូចជាពិធីស្រងទឹកជូនដល់ចាស់ព្រឹទ្ធាចារ្យ អ្នកមានគុណនៅតាមវត្ត តាមផ្ទះ ភូមិឃុំ សង្កាត់ យើងធ្វើទៅបានជា ធម្មតា តែចំពោះនៅទីតាំងពិធីសង្ក្រាន្តសៀមរាប មិនបានអនុញ្ញាតឲ្យធ្វើការដាក់រថយន្តបាញ់ទឹកដូចឆ្នាំមុនៗនោះឡើយ ៕




































