ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជន ជួបសម្តែងការគោរព និងជូនពរជ័យសិរីមង្គល ដល់ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

0

សៀមរាប៖នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជន បានជួបសម្តែងការគោរព និងជូនពរជ័យសិរីមង្គល ដល់ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមវត្តមានរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នៅសាលាខេត្តសៀមរាប។
ក្នុងនោះដែរ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជាមេបញ្ជាការ ស្នងការ អគ្គកុងស៊ុល និងអាជ្ញាធរក្រុង ស្រុក បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការបំពេញភារកិច្ចស្នូល និងការចូលរួមអភិវឌ្ឍន៍ខេត្តនាឆ្នាំចាស់ ព្រមទាំងលើកឡើងពីចំណុចសេសសល់មួយចំនួនទៀត ដែលត្រូវបន្តអនុវត្តក្នុងឆ្នាំថ្មីនេះផងដែរ ។
មានប្រសាសន៍នោះឯកឧត្តម លី សំរិទ្ធ និង ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងថា ក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត គឺដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងគ្នា និងគ្នា សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ ឯកឧត្តមទាំងពីរ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពពាក់ពន្ធជុំវិញខេត្ត និង រដ្ឋបាលក្រុង ស្រុក ដែលបានរក្សានូវប្រពៃណីសាសនា និងស្នាដៃ ដែលជាសមិទ្ធិផលនានា សំខាន់បានជួយឧបត្ថម្ភគាំទ្រលើការងារសង្គម ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ ឲ្យមានភាពរីកចម្រើនកាន់តែល្អប្រសើរថែមទៀត។ ម៉្យាងទៀតបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងពេលប្រទេសជាតិ រងការឈ្លានពានពីប្រទេសថៃ ហើយ ត្រូវបានយកចិត្តទុកដាក់ចំពោះបងប្អូនភៀសសឹក ពីសង្គ្រាមឈ្លានពានរបស់ទាហានថៃ មកស្នាក់នៅតាមទីកន្លែងសុវត្ថិភាពតាមក្រុង ស្រុក ព្រមទាំងបានផ្គត់ផ្គង់ស្បៀងអាហារ និង អនាម័យសុខភាព សន្តិសុខសុវត្ថិភាពទៀតផង ។ ឯកឧត្តម ក៏បានធ្វើការថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនជាតិ អន្តរជាតិ បណ្តាក្រុមហ៊ុន សហគ្រាស សមាគមន៍ វិស័យឯកជនទាំងអស់ ដែលបានឧបត្ថម្ភគាំទ្រ ជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខា ថ្នាំពេទ្យ និង ថវិកាជូនដល់កងទ័ពជួរមុខ និង ប្រជាពលរដ្ឋភ្លៀសសឹក ។ ឯកឧត្តមទាំងពីរ ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ក៏ដូចជាវិស័យឯកជន ត្រូវបន្តពង្រឹងអនុវត្តន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ ។ រដ្ឋបាលខេត្ត បានត្រៀមលក្ខណ:ទុកជាស្រេច ក្នុងការជួយសង្គ្រោះជាបន្ទាន់ ចំពោះហេតុការណ៍ដែលបានកើតឡើងដោយយថាហេតុណាមួយ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត២០២៦ខាងមុខនេះ។ ផ្តើមចេញពីគុណនយោបាយឈ្នះឈ្នះ ក្រោមម្លប់សន្តិភាព និងអរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា និងបានប្រារព្ធព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្តនេះឡើង ក្នុងការបង្កលក្ខណៈដល់ប្រជាពលរដ្ឋ មានភាពសប្បាយរីករាយ ។ ដើម្បីឲ្យសមស្របទៅតាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតនូវសមិទ្ធផលធំៗ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិទៅអនាគត ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សានៅសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម ដែលជាកត្តាធានាឲ្យកម្ពុជា សម្រេចបានលទ្ធផលធំៗ និង ថ្មីៗបន្តទៀត ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។ ឯកឧត្តមទាំងពីរ បានបញ្ជាក់ថា សមទ្ធិផលដែលយើងសម្រេចបានកន្លងមកនេះ គឺដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក៏ដូចជាវិស័យឯកជន ដែលបានចូលរួមសហការអភិវឌ្ឍន៍ខេត្តប្រវត្តិសាស្ត្រមួយនេះ ទទួលបានកិត្តិនាមល្បីល្បាញលើកពិភពលោក ក្រោមដំបូលនៃសន្តិភាព ដែលជាសមិទ្ធផល បានមកពីការស្វែងរកដោយការលំបាក និងមានការលះបង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ឆ្នាំនេះការជូនពររបស់ថ្នាក់ដឹកនាំ អង្គភាព រដ្ឋបាលក្រុង ស្រុក និង វិស័យឯកជន មិនសប្បូរកន្ត្រក់ផ្កា និង ផែ្លឈើ ដោយជំនួសនូវថវិកា ដើមី្បយកទៅទ្រទ្រង់ឧបត្ថម្ភដល់បងប្អូនភៀសសឹក ដោយការឈ្លានពានរបស់ប្រទេសថៃ ដែលបានកំពុងស្នាក់នៅបណ្តោះ អាសន្ននៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប ៕