(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ក្រុមគ្រួសារ របស់អតីតយុទ្ធជនផ្នែកសឹករងស្ទោង ដែលកំពុងតែបំពេញបេសកកម្មការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រសៀល
ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានផ្នែកសឹករងស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងឱកាសនេះដែរលោកអភិបាលស្រុកស្ទោង បានកោតសរសើរយ៉ាងខ្ពង់ខ្ពស់ដល់ពលទាហាន នាយទាហាន និងនាយទាហានរងទាំងអស់ នៅផ្នែកសឹករងស្ទោង ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ប្រកបដោយឆន្ទៈមោះមុតក្នុងភារកិច្ចការពារបូរណភាពទឹកដី ដែលបង្ហាញពីស្មារតីស្នេហាជាតិ មាតុភូមិ។
លោកបានអំពាវនាវ យ៉ាងទទួចដល់ក្រុមគ្រួសារយុទ្ធជនទាំងអស់ ឱ្យថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ចៀសវាងការបារម្ភពីកូន ឬប្តីដែលកំពុងបំពេញបេសកកម្ម ដែលបណ្ដាលឱ្យមានបញ្ហាសុខភាពផ្សេងៗជាយថាហេតុ ហើយក្នុងកំឡុងពេលដែលបែកពីកូន ឬប្តីដែលជាពំនាក់គ្រួសារ សូមបងប្អូនទាក់ទងមករដ្ឋបាលស្រុក ប្រសិនបើមានជំងឺដង្កាត់ផ្សេងៗ ដើម្បីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ដោយឥតគិតថ្លៃ ដែលបង្ហាញពីភាពកក់ក្តៅ និងការយកចិត្តទុក្ខដាក់ដល់ក្រុមគ្រួសារយុទ្ធជន ដើម្បីតបស្នងដល់ការលះបង់របស់គាត់។
បន្ថែមពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំទៅដល់ លោកមេបញ្ជាការស្ដីទី និងកម្លាំងដែលនៅប្រចាំបញ្ជាទាំងអស់ ត្រូវគិតគូរ មើលថែរក្សាក្រុមគ្រួសាយុទ្ធជនដែលកំពុងបំពេញបេសកកម្ម មិនត្រូវឱ្យគាត់ខ្វះខាតស្បៀងអាហារហូបចុក ឬមានជំងឺដង្កាត់អ្វីមួយដោយមិនបានដឹងនោះឡើយ ពោលគឺត្រូវផ្តល់ភាពកក់ក្តៅដល់គាត់ជានិច្ច។
សូមបញ្ជាក់ថា គ្រួសារយុទ្ធជនទាំង០៨គ្រួសារ ទទួលបានអង្ករ០២បេ មី០១កេស និងត្រីខ០១យួរផងដែរ។




































