ឧត្ដមសេនីយ៍ទោ សោម ស៊ុន តំណាង​ឯកឧត្តម​នួន​ ផារ័ត្ន​ នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជន សោធន៍​និវត្តន៏

0

ខេត្តកំពង់ធំ៖ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និង​លោក ​សុិន​ វណ្ណ​វុឌ្ឍ​ អភិបាល​ស្រុក​ ប្រធាន​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុក​សណ្តាន់​ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធន៍​និវត្តន៏​ និងគោរពវិញ្ញាណក្ខន្ធលោក អនុសេនីយ៍ត្រី ម៉ាក់ បូរ៉ន អាយុ ៤៧ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធនាពេលថ្មីៗកន្លងទៅនេះ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ។

លោកអនុសេនីយ៍ទោ យិន ដាលីន ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដោយបានគូសបញ្ជាក់អំពីប្រវត្តិរបស់លោកអនុសេនីយ៍ត្រី ម៉ាក់ បូរ៉ន ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៩៣ នៅអង្គភាព យោធាផ្នែកសឹករងសណ្ដាន់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយក្រោយមកត្រូវបានក្រសួងការពារជាតិ បានដាក់ឱ្យចូលជាយោធិនសោធននិវត្តន៍ នៅឆ្នាំ២០២២​ ។ លោកមានភរិយាឈ្មោះ អ៊ឹម ឈាន់ មានកូននៅក្នុងបន្ទុកចំនួន ៣នាក់ រស់នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកអនុសេនីយ៍ត្រី ម៉ាក់ បូរ៉ន ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ ជាស្វាមី និងជាឪពុកដ៏ល្អ ក្នុងគ្រួសាររបស់លោកស្រី អ៊ឹម ឈាន់ ដែលត្រូវជាភរិយា និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និង​លោក​ សុិន​ វណ្ណ​វុឌ្ឍ​ ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ និង​ថវិកា​ចូលរួម​បុណ្យ​សព​របស់​លោក​អភិបាល​ស្រុក​សណ្តាន់​ ចំនួន​ ១០០,០០០​ រៀល​ បន្ថែម​ទៀត​ប្រគល់ជូនក្រុមគ្រួសារសពផងដែរ ៕