(កំពង់ធំ)÷ លោក សុិន វណ្ណវុឌ្ឍ អភិបាល នៃគណៈអភិបាលស្រុកសណ្តាន់ និងក្រុមការងារថ្នាក់ស្រុក កម្លាំងទាំងបីអភិបាលរង នាយករងរដ្ឋបាលប្រធាន និងអនុប្រធានការិយាល័យ ប្រជាការពារ បាននាំមកនៅគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន
ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព និងក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត កំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ អតីតយុទ្ធជន មរតកតេជោធិបតី ថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
លោក សុិន វណ្ណវុឌ្ឍ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន និងបានសូមជូនពរដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទាំង០៦គ្រួសារ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោ ធិបតីថ្លុកព្រីង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ២៥៧០ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ សិរីសួស្ដី ប្រកបមុខរបររកទទួលទានមានបាន និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ។
លោកអភិបាលនៃគណៈអភិបាលស្រុកសណ្តាន់ ក៏បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ នៅមជ្ឈឹមបូព៌ា និងសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ កន្លងមក ត្រូវបានរងការរំលោភបំពានបូរណភាពទឹកដី ពិសេសក្រោយបទឈប់បាញ់ពីសំណាក់ភាគីថៃជាបន្តបន្ទាប់ ហើយកងយោធពលខេមរមិន្ទរបស់យើង បានរងរបួសនិងពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជា ។ ជាមួយនោះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការការពារ ទប់ទល់ ពីការរំលោភឈ្លានពាន និងការដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាផ្សេងៗទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលជាធរមាន ដែលបានតម្កល់ទុក្ខនៅលើឆាកអន្តរ ជាតិ នឹងបានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចធិបតី ដែលជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនេះ លោក សុិន វណ្ណវុឌ្ឍ អភិបាល នៃគណៈអភិបាលស្រុកសណ្តាន់ និងសហការី បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់រដ្ឋបាលស្រុកសណ្ដាន់ ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន០៦គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួនទៀតផងដែរផងដែរ។






































