ខេត្តកំពង់ចាម៖ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ បានសម្រេចចិត្តប្រើប្រាស់អាវុធបាញ់បំបែកកង់រថយន្តចំនួន ៣គ្រាប់ ដើម្បីបង្ខំឱ្យរថយន្តបង្កមួយគ្រឿងឈប់ បន្ទាប់ពីអ្នកបើកបរបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមបើករត់គេច ថែមទាំងបុកសមត្ថកិច្ចឱ្យរងរបួសទៀតផង កាលពីព្រឹក
ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា រថយន្តបង្កម៉ាក Toyota Alphard ពណ៌ខ្មៅ (មានបិទស្កុតខ្មៅលើកញ្ចក់) បានបើកបរក្នុងលក្ខណៈមិនប្រក្រតី ដោយបានបុកទង្គិចរថយន្តអ្នកដំណើរចំនួន ២គ្រឿង។ លោកថា ក្រោយបង្កហេតុ អ្នកបើកបរមិនព្រមឈប់ទទួលខុសត្រូវឡើយ គឺព្យាយាមបើករត់គេចយ៉ាងលឿន។
លោកស្នងការបានបន្តថា ក្នុងប្រតិបត្តិការដេញតាមឃាត់រថយន្តនោះ អ្នកបើកបររថយន្តបង្កនៅតែរឹងរូស មិនព្រមបញ្ឈប់សកម្មភាពឡើយ ថែមទាំងបានបើកបុកមន្ត្រីនគរបាលចំនួន ២រូប ឱ្យរងរបួស ព្រមទាំងបុកបំផ្លិចបំផ្លាញរថយន្តសមត្ថកិច្ច ១គ្រឿង និងម៉ូតូ ៣គ្រឿងបន្ថែមទៀត។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរដទៃ និងក្នុងគោលបំណងការពារខ្លួន សមត្ថកិច្ចបានសម្រេចចិត្តផ្ទុះអាវុធចំនួន ៣គ្រាប់ បាញ់បំបែកកង់រថយន្ត ទើបអាចឃាត់រថយន្តបង្កនោះបាន។
បច្ចុប្បន្ន ជនសង្ស័យដែលជាអ្នកបើកបរត្រូវបានឃាត់ខ្លួន មានឈ្មោះ ប៉ុល ពោធិចា ភេទប្រុស អាយុ ៣២ឆ្នាំ ជាជនជាតិខ្មែរ។ កម្លាំងជំនាញបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕






































